អង្គការសុខភាពពិភពលោក WHO បាននិយាយថា ការបំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដីរបស់សហភាពមីយ៉ាន់ម៉ា បានដាក់សម្ពាធលើប្រព័ន្ធថែទាំសុខភាព ខណៈចំនួនអ្នកស្លាប់ជាផ្លូវការបានកើនឡើងដល់ជាង ២.០០០នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន ព្រមទាំងរាប់ពាន់នាក់រងរបួស។

ការគ្រប់គ្រងដោយយោធារយៈពេល ៤ឆ្នាំ បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់មីយ៉ាន់ម៉ា ដែលទ្រុឌទ្រោមរួចទៅហើយ កាន់តែពិបាកទប់ទល់នឹងការស្លាប់ និងរបួសយ៉ាងច្រើនលើសលប់បែបនេះ។ ប្រភពក្នុងស្រុកនិយាយថា នៅទីក្រុង Mandalay និងរដ្ឋធានីណៃពិដោ ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងជាងគេដោយគ្រោះរញ្ជួយដី ក្រុមគ្រូពេទ្យកំពុងតែជួបការលំបាកយ៉ាងខ្លាំងដើម្បីដោះស្រាយជាមួយនឹងលំហូរអ្នកជំងឺដ៏ច្រើន។

ជាមួយគ្នានេះ អង្គការ WHO បាននិយាយថា យ៉ាងហោចណាស់មន្ទីរពេទ្យចំនួន៣ ត្រូវបានបំផ្លាញ និង ២២កន្លែង ត្រូវបានខូចខាតមួយផ្នែក ខណៈ "ទំហំនៃការស្លាប់ និងរបួសមិនទាន់ត្រូវបានយល់ច្បាស់នៅឡើយទេ" ដោយអំពាវនាវរកជំនួយបន្ថែម។ មីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខជាតិមួយសប្តាហ៍ ដោយទង់ជាតិនឹងដោតនៅពាក់កណ្តាលដង។
នៅទូទាំងភាគកណ្តាលនៃប្រទេស លំនៅឋាន កន្លែងសាសនា សាលារៀន សាកលវិទ្យាល័យ សណ្ឋាគារ និងមន្ទីរពេទ្យស្ទើទាំងអស់ត្រូវបានខូចខាត ឬបំផ្លាញ ខណៈក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានចំណាយពេលជាច្រើនថ្ងៃដើម្បីព្យាយាមសង្រ្គោះមនុស្សចេញពីអគារដែលដួលរលំ៕