ការតវ៉ាទ្រង់ទ្រាយតូចមួយចំនួនបានផ្ទុះឡើងនៅក្នុងរដ្ឋធានី ហារ៉ារ៉េ របស់ប្រទេសហ្ស៊ីមបាបវ៉េ នៅថ្ងៃចន្ទ (៣១ មីនា) ដោយផ្លូវនានាពោរពេញទៅដោយកម្ទេចកម្ទី និងសំបកកង់ដែលប្រើសម្រាប់របាំងផ្លូវ ខណៈនគរបាលកំពុងបោសសម្អាតកម្ទេចកម្ទីទាំងនោះ បន្ទាប់ពីប៉ះទង្គិចជាមួយក្រុមបាតុករ ដោយការប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកការតវ៉ា។

ការតវ៉ានោះគឺដើម្បីប្រឆាំងនឹងលោកប្រធានាធិបតីហ្ស៊ីមបាបវ៉េ Emmerson Mnangagwa ប៉ុន្តែបាតុកម្មបែបនេះមិនសូវទទួលបានការគាំទ្រច្រើនទេពីប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការតវ៉ាត្រូវបានអំពាវនាវដោយអតីតយុទ្ធជនសង្គ្រាមឯករាជ្យមួយចំនួន ដែលប្រឆាំងនឹងអាណត្តិប្រធានាធិបតីរបស់លោក Mnangagwa។

នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ស្ថានភាពនៅក្នុងប្រទេសមានសន្តិភាព" ដោយលើកទឹកចិត្តប្រជាជនឱ្យបន្តសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ។
ទីក្រុង ហារ៉ារ៉េ នៅតែស្ងាត់ជ្រាបនៅឡើយ ដោយសារសាលារៀន ហាងលក់ទំនិញ និងធនាគារភាគច្រើននៅតែបន្តបិទទ្វារ ដោយសារភ័យខ្លាចផលប៉ះពាល់ពីការតវ៉ា ជាពិសេសការបំផ្លិចបំផ្លាញ ហើយនគរបាលមានវត្តមានយ៉ាងច្រើនកុះករនៅទូទាំងទីក្រុង៕