ប្រធានក្រុមបានប្រាប់សារព័ត៌មានរ៉យទ័រថា អង្គការឃ្លាំមើលប្រឆាំងអំពើពុករលួយមួយ បានបង្ហាញដល់អាជ្ញាធរនូវភាពមិនប្រក្រតីដែលអង្គភាពនេះបានរកឃើញលើការសាងសង់អគារខ្ពស់នៅទីក្រុងបាងកក ប្រទេសថៃ មុនពេលវាបានបាក់រលំដោយរញ្ជួយដីកាលពីសប្តាហ៍មុន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១២នាក់ស្លាប់ ។

ទន្ទឹមនឹងនោះ ការធ្វើតេស្តបឋមនៃសម្ភារៈដែលប្រមូលបាននៅទីតាំងនោះ បានបង្ហាញពីដែកដែលពុំមានស្តង់ដារក្នុងចំណោមកម្ទេចកម្ទីបាក់បែកនៃរចនាសម្ព័ន្ធអគារកម្ពស់៣០ជាន់ នេះបើយោងតាមមន្ត្រីក្រសួងឧស្សាហកម្មដែលបាននិយាយបន្ថែមថា ការវិភាគបន្ថែមទៀតនឹងត្រូវការធ្វើជាចាំបាច់។

ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ សម្រាប់មនុស្សប្រមាណ៧៥ នាក់ដែលត្រូវបានគេបារម្ភថានៅតែជាប់នៅក្រោមគំនរបាក់បែកអគារដែលមិនទាន់បានបញ្ចប់ការសាងសង់ ដែលត្រូវបានសាងសង់សម្រាប់ការិយាល័យសវនកម្មរដ្ឋរបស់ប្រទេសថៃ។
រដ្ឋាភិបាលបានប្រកាសពីការស៊ើបអង្កេតលើមូលហេតុនៃការបាក់រលំអគារខ្ពស់កប់ពពក ជាអគារនៅទីក្រុងបាងកកតែមួយគត់ដែលបានបាក់រលំទាំងស្រុង នៅពេលរញ្ជួយដីកម្រិត ៧,៧ រិចទ័រ បានវាយប្រហារនៅមីយ៉ាន់ម៉ាភាគកណ្តាលកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានវាយប្រហារចូលដល់ប្រទេសជិតខាង។ លោក Mana Nimitmongkol ប្រធានអង្គការប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនបានជូនដំណឹងដល់ការិយាល័យសវនកម្មអំពីការព្រួយបារម្ភទាក់ទងនឹងគម្រោងនេះ។ លោកបាននិយាយបន្តថា រដ្ឋាភិបាលបានគំរាមលុបចោលគម្រោង កាលពីខែមករា ដោយសារតែមានការពន្យារពេល។