ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ថា លោកមាន «ចិត្តល្អ» ចំពោះដៃគូពាណិជ្ជកម្ម នៅពេលដែលលោកបង្ហាញការដំឡើងពន្ធបន្ថែមទៀតក្នុងសប្តាហ៍នេះ ដោយប្រឈមទៅនឹងភាពវឹកវរជាសកលដើម្បីដោះស្រាយនូវអ្វីដែលលោកនិយាយថា អតុល្យភាពពាណិជ្ជកម្មដ៏អយុត្តិធម៌។

លោក Trump ដែលបាននិងកំពុងប្រើប្រាស់អំណាចប្រធានាធិបតីមិនធ្លាប់មានពីមុនមកចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា បាននិយាយថា លោកអាចប្រកាសនៅយប់ថ្ងៃអង្គារនេះនូវអ្វីពិតប្រាកដ «ការដំឡើងពន្ធបដិការ» ដែលត្រូវដាក់។

មហាសេដ្ឋីមកពីគណបក្សសាធារណរដ្ឋរូបនេះ ទទូចថា ចំណាត់ការបដិការត្រូវការជាចាំបាច់ ព្រោះសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ត្រូវបាន «បំផ្លាញដោយគ្រប់ប្រទេសក្នុងពិភពលោក» ដោយសន្យា «ទិវារំដោះ» សម្រាប់សហរដ្ឋអាមេរិក។
នៅពេលត្រូវបានសួរលម្អិត លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា អ្នកនឹងឃើញក្នុងរយៈពេលពីរថ្ងៃទៀត ដែលប្រហែលជាយប់នេះ ឬប្រហែលជាថ្ងៃពុធ។ ប៉ុន្តែលោកបាននិយាយបន្ថែមថា «យើងនឹងមានចិត្តល្អ ដោយពិភាក្សាគ្នាទៅវិញទៅមក»។
អ្នករិះគន់ព្រមានថា យុទ្ធសាស្ត្រនេះ ប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មសកល ដោយបង្កឱ្យមានប្រតិកម្មនៃការសងសឹកពីសំណាក់ដៃគូពាណិជ្ជកម្មធំៗ ដូចជាប្រទេសចិន កាណាដា និងសហភាពអឺរ៉ុប។ ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនបានព្រមព្រៀងគ្នារួចហើយកាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងបី នៅមុនពេលការប្រកាសដំឡើងពន្ធរបស់លោក Trump ដែលត្រូវបានគេរំពឹងទុក។