អ្នកនាំពាក្យជាភាសាអារ៉ាប់របស់យោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាជនតំបន់ហ្កាហ្សា កំពុងភៀសខ្លួនចេញជាថ្មីម្តងទៀតនៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធ ដោយភៀសខ្លួនចេញពីខាងក្នុង នៅនៅជុំវិញទីក្រុង Rafah បន្ទាប់ពីអ៊ីស្រាអែលបានចេញបទបញ្ជាជម្លៀស ដោយប្រាប់ប្រជាជនភៀសខ្លួនទៅកាន់ទីក្រុង Al Mawasi។ កងកម្លាំងការពារអ៊ីស្រាអែល(IDF) កំពុងត្រឡប់ទៅរកប្រតិបត្តិការដ៏ខ្លាំងក្លាជាថ្មីដើម្បីបំផ្លាញសមត្ថភាពរបស់អង្គការភេរវកម្មនៅក្នុងតំបន់ទាំងនេះ។

យោធាអ៊ីស្រាអែល ដែលបានកាត់ផ្តាច់ជំនួយដល់តំបន់ហ្កាហ្សា បានបន្តប្រតិបត្តិការឡើងវិញនៅថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីបទឈប់បាញ់រយៈពេល២ខែ ដែលក្នុងអំឡុងពេលនោះ ចំណាប់ថ្នូរអ៊ីស្រាអែល៣៣ នាក់ និងជនជាតិថៃ៥នាក់ ត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសនិងអ្នកជាប់ឃុំឃាំងប៉ាឡេស្ទីន ប្រហែល២.០០០នាក់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបង្កើនសម្ពាធលើក្រុមហាម៉ាស ប៉ុន្តែនឹងបន្តការចរចា «ក្រោមការបាញ់ប្រហារ»។ លោកបានបន្តថា ការបន្តសម្ពាធយោធាគឺជាមធ្យោបាយល្អបំផុតក្នុងការធានាបានការវិលត្រឡប់មកវិញនៃចំណាប់ថ្នូរ។
លោក Netanyahu បានទាមទារដដែលៗថា អ៊ីស្រាអែល តម្រូវឲ្យក្រុមហាម៉ាស ទម្លាក់អាវុធ ទោះបីជាចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បានច្រានចោលការអំពាវនាវបែបនេះថាជា «បន្ទាត់ក្រហម» ដែលខ្លួននឹងមិនឆ្លងកាត់ ក៏ដោយ។