បណ្ដាក្រុមជំនួយដែលទៅដល់តំបន់រងគ្រោះខ្លាំងបំផុតនៃសហភាពមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារ (០១ មេសា) នេះថា អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដ៏មហន្តរាយក្នុងប្រទេសនេះ កំពុងមានតម្រូវការបន្ទាន់សម្រាប់ទីជម្រក ស្បៀងអាហារ និងទឹក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន ខណៈអ្នកស្រុកនាំគ្នាសម្រាន្តពេលយប់នៅទីវាលខាងក្រៅតាមដងផ្លូវ ឬវាលស្រែ ដោយសារភ័យខ្លាចរលករញ្ជួយបន្តបន្ទាប់ទៀត។

មនុស្សជាង ២.០០០នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារមីយ៉ាន់ម៉ា នៅពេលអាហារថ្ងៃត្រង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយខណៈដែលក្រុមជំនួយបានទៅដល់តំបន់ក្បែរចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនោះ កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដ៏ធំនៅតែត្រូវការជាចាំបាច់ សម្រាប់អ្នករួចជីវិត។

បុគ្គលិកគណៈកម្មាធិការសង្គ្រោះអន្តរជាតិនៅទីក្រុង Mandalay របស់មីយ៉ាន់ម៉ា និយាយថា "ដោយឆ្លងកាត់ភាពតក់ស្លុតនៃការរញ្ជួយដី ឥឡូវនេះប្រជាជនភ័យខ្លាចរលករញ្ជួយបន្តបន្ទាប់ ហើយកំពុងសម្រាកនៅខាងក្រៅតាមដងផ្លូវ ឬវាលបើកចំហ"។ ក្រុមជំនួយបន្ថែមថា កន្លែងសុវត្ថិភាពគឺកំពុងតែខ្វះខាត ដោយប្រជាជនត្រូវការតង់ជាបន្ទាន់ ព្រោះសូម្បីតែអ្នកដែលលំនៅឋានមិនទាន់បំផ្លាញ ក៏មិនហ៊ានស្នាក់នៅក្នុងផ្ទះសម្បែងរបស់ពួកគេដែរ"។
នៅទីក្រុង Mandalay អ្នកស្រុកបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រជាជនកំពុងព្យាយាមរៀបចំកិច្ចប្រឹងប្រែងសង្រ្គោះផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជីកយកសាកសពចេញពីគំនរបាក់បែក ដោយសារមិនមានឧបករណ៍ ឬក្រុមជួយសង្គ្រោះគ្រប់គ្រាន់ ហើយអ្នកស្រុកកំពុងប្រុងប្រយ័ត្នចំពោះរញ្ជួយដីបន្ថែមទៀត៕