ទីក្រុងប៉េកាំងបានប្តេជ្ញាសងសឹកសហរដ្ឋអាមេរិកចំពោះការដាក់ទណ្ឌកម្មលើមន្ត្រីចំនួនប្រាំមួយរូប រួមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ហុងកុង និងស្នងការនគរបាលដែលជិតផុតអាណត្តិ ជុំវិញ "ការរឹតត្បិតសកម្មភាព" លើសកម្មជនប្រឆាំងក្រោមច្បាប់សន្តិសុខជាតិ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីចិន និងហុងកុង កាលពីថ្ងៃចន្ទដើម្បីដាក់សម្ពាធលើប្រទេសចិនចំពោះការបង្រ្កាបជាបន្តបន្ទាប់លើអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ដែលត្រូវបានប្រគល់ទៅឲ្យចិនគ្រប់គ្រងវិញក្នុងឆ្នាំ១៩៩៧ ។

រដ្ឋាភិបាលហុងកុង និងការិយាល័យកិច្ចការបរទេសរបស់ចិននៅក្នុងទីក្រុងនេះ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្កោលទោសការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក ខណៈការពារការប្រើប្រាស់ច្បាប់សន្តិសុខជាតិរបស់ហុងកុង ដើម្បីតាមចាប់ខ្លួនសកម្មជន១៩នាក់នៅក្រៅប្រទេស រួមទាំងពលរដ្ឋអាមេរិកម្នាក់ផងដែរ ។
អ្នកនាំពាក្យការិយាល័យស្នងការរបស់ក្រសួងការបរទេសចិនប្រចាំទីក្រុងហុងកុង បាននិយាយថា អ្វីដែលគេហៅថាទណ្ឌកម្មពីសហរដ្ឋអាមេរិក បានលាតត្រដាងម្តងទៀត នូវហេតុផលដ៏អាក្រក់របស់ខ្លួនក្នុងការបំផ្លាញភាពរុងរឿង និងស្ថិរភាពរបស់ហុងកុង ក៏ដូចជាការគាបសង្កត់ការអភិវឌ្ឍន៍របស់ប្រទេសចិន៕