ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (៣១ មីនា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបន្តនិរទេសជនអន្តោប្រវេសន៍ដែលសង្ស័យថាជាសមាជិកក្រុមជនអន្ធពាលវេណេស៊ុយអេឡា និងក្រុម MS-13 បន្ថែមទៀតទៅកាន់ប្រទេស អែលសាវ៉ាឌ័រ កាលពីចុងសប្តាហ៍ ខណៈសំណួរពីភាពស្របច្បាប់បានកើនឡើងយ៉ាងតានតឹងនៅតុលាការ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧក្រិដ្ឋជនហិង្សា ១៧នាក់ ដែលទាក់ទងនឹងក្រុមជនអន្ធពាល Tren de Aragua និង MS-13 ត្រូវបានយោធាសហរដ្ឋអាមេរិក បញ្ជូនទៅអែលសាវ៉ាឌ័រ កាលពីយប់ថ្ងៃអាទិត្យ ដោយបន្ថែមថា អ្នកដែលត្រូវបាននិរទេសទាំងនោះរួមមានឃាតករ និងអ្នកប្រព្រឹត្តបទល្មើសរំលោភ។
លោក Trump កាលពីថ្ងៃទី១៥ ខែមីនា បានយកច្បាប់សម័យសង្រ្គាមដ៏កម្រមួយឆ្នាំ១៧៩៨ មកប្រើដើម្បីកំណត់គោលដៅលើអ្នកដែលសង្ស័យថាជាសមាជិកក្រុមឧក្រិដ្ឋជនវេណេស៊ុយអេឡា។ ប៉ុន្តែក្រោយមក ចៅក្រមសហព័ន្ធបានរារាំងគោលនយោបាយនេះជាបណ្ដោះអាសន្ន បន្ទាប់ពីមានការប្រឈមផ្នែកច្បាប់ ដែលដាក់ដោយក្រុមសេរីភាពស៊ីវិលអាមេរិក។
ការនិរទេសថ្មីនៅក្រោមច្បាប់ម័យសង្រ្គាមនោះនឹងក្លាយជាការរំលោភលើដីការបស់តុលាការ ប៉ុន្តែរដ្ឋបាលអាមេរិក អាចប្រើប្រាស់ដំណើរការអន្តោប្រវេសន៍ស្តង់ដារសម្រាប់ការនិរទេសជំនួសវិញ។ រដ្ឋបាលបានស្នើឱ្យតុលាការកំពូលអាមេរិក លុបចោលការផ្អាកនោះ បន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធបានបន្តរារាំងការនិរទេសអន្តោប្រវេសន៍កាលពីសប្តាហ៍មុន៕