ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីម្តងទៀតថា កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ដុតកម្ទេចចោលនូវបច្ចេកវិទ្យាហួសសម័យនោះទេ ដោយអ្វីគ្រប់យ៉ាងដែលកម្ពុជានាំចូលមកពីក្រៅប្រទេសមកគឺសុទ្ធតែថ្មី,ទំនើប និងផលិតផលចុងក្រោយទាំងអស់ ជាក់ស្តែងប្រព័ន្ធទូរស័ព្ទ និងម៉ាស៊ីនសម្រាប់ផលិតទឹកស្អាត នៅខេត្តព្រះសីហនុនេះជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈចុះត្រួតពិនិត្យសមិទ្ធផលនានា និងកន្លែងផលិតទឹកស្អាតនៅ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានតាំងចិត្តហើយថា កម្ពុជាលែងទិញរបស់ដែលហួសសម័យចូលមកប្រទេសខ្លួនទៀតហើយ ខណៈកាលពីអំឡុងឆ្នាំ១៩៨០កម្ពុជាបានទិញរបស់គេមកប្រើប្រាស់បានបន្តិចបន្តួចមានបញ្ហា ហើយថែមទំាងគ្មានគ្រឿងបន្លាស់ ដោយសារតែគេឈប់ផលិតនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កម្ពុជាប្តេជ្ញាអភិវឌ្ឍន៍នៅខេត្តព្រះសីហនុឲ្យក្លាយទៅជាខេត្តពហុបំណង ដោយមានអ្វីគ្រប់យ៉ាងទាំងអស់មិនថាហេដ្ឋារចនាសម្ព័ន្ធ និងអ្វីផ្សេងៗទៀតនោះឡើយ ខណៈរាជរដ្ឋាភិបាលបានកំពុងដោះស្រាយគ្រប់តម្រូវការទាំងអស់នោះ៕
អត្ថបទ ៖ បាន ចក់