មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យអ្នកគាំទ្រទូទាំងពិភពលោក កាន់អាវុធនិងប្រយុទ្ធប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ក្នុងការផ្លាស់ទីលំនៅប្រជាជនហ្កាហ្សាជាងពីរលាននាក់ ទៅកាន់ប្រទេសជិតខាង ដូចជាអេហ្ស៊ីប និងហ្ស៊កដានី។
លោក Sami Abu Zuhri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅចំពោះមុខផែនការដ៏អាក្រក់នេះ ដែលជាផែនការមួយរួមបញ្ចូលការសម្លាប់រង្គាលជាមួយនឹងការបង្អត់អាហារ អ្នកណាដែលអាចកាន់អាវុធបាន នៅគ្រប់ទីកន្លែងក្នុងពិភពលោក ត្រូវតែចាត់វិធានការ»។
«សូមកុំបដិសេធចំពោះគ្រឿងផ្ទុះ គ្រាប់កាំភ្លើង កាំបិត ឬថ្ម។ សូមមនុស្សគ្រប់គ្នាកុំនៅស្ងៀមតទៅទៀត»។
ការអំពាវនាវរបស់លោក Abu Zuhri ធ្វើឡើង មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានស្នើឲ្យមេដឹកនាំក្រុមហាម៉ាសចាកចេញពីតំបន់ហ្កាហ្សា ប៉ុន្តែបានទាមទារឲ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ទម្លាក់អាវុធ នៅដំណាក់កាលចុងក្រោយនៃសង្រ្គាមនៅហ្កាហ្សា។
ក្រុមហាម៉ាស បានបង្ហាញពីឆន្ទៈក្នុងការបោះបង់ការគ្រប់គ្រងតំបន់ហ្កាហ្សា ប៉ុន្តែបានព្រមានថា អាវុធរបស់ខ្លួន គឺជា «ខែ្សបន្ទាត់ក្រហម»។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលកំពុងធ្វើការឆ្ពោះទៅរកផែនការ ដែលស្នើឡើងដោយ លោក ត្រាំ ដើម្បីផ្លាស់ទីលំនៅប្រជាជនហ្កាហ្សា ទៅរស់នៅក្នុងប្រទេសផ្សេងទៀត។