ប្រធានាធិបតីអាល់ហ្សេរីលោក អាប់ដែលម៉ាជីដ តិបប៊ូន (Abdelmadjid Tebboune) និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលដែលពួកគេបានយល់ព្រមភ្លាមៗនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងអន្តោប្រវេសន៍រវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយការិយាល័យប្រធានាធិបតីអាល់ហ្សេរី នៅលើហ្វេស ប៊ុក បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានធ្វើការពិភាក្សា «បើកចំហ និងស្និទ្ធស្នាល» អំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងភាពតានតឹង ដែលបានកើនឡើង ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយបានបញ្ជាក់ឡើងវិញនូវឆន្ទៈរបស់ពួកគេ ក្នុងការបន្តការសន្ទនាប្រកបដោយផ្លែផ្កា ដែលបានបង្កើតឡើង ក្នុងខែសីហា ឆ្នាំ ២០២២។
ពួកគេបានយល់ព្រមលើតម្រូវការសម្រាប់ការត្រឡប់ទៅការសន្ទនាស្មើភាពគ្នា រវាងប្រទេសទាំងពីរ និងសម្រាប់«ការបន្តឡើងវិញភ្លាមៗនៃកិច្ចសហប្រតិបត្តិការលើការធ្វើទេសន្តរប្រវេសន៍ ក្នុងលក្ខណៈគួរឲ្យ ទុកចិត្ត មានភាពងាយស្រួល និងមានប្រសិទ្ធភាព»។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖«គណៈកម្មការចម្រុះនៃក្រុមអ្នកប្រវត្តិសាស្ត្រ នឹងបន្តការងាររបស់ខ្លួនភ្លាមៗ ហើយនឹងជួបប្រជុំគ្នានៅប្រទេសបារាំង ក្នុងពេលឆាប់ៗនេះ» ជាមួយនឹងលទ្ធផលនៃការងាររបស់ខ្លួន និងសំណើជាក់ស្តែងដែលរំពឹងទុក នៅរដូវក្តៅនេះ។
គណៈកម្មាការរួម គឺជាអ្វីដែលប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបង្កើត នៅឆ្នាំ ២០២២ ដើម្បីដោះស្រាយ «បញ្ហានានាពីអតីតកាល» ដែលនិយាយសំដៅដល់ការគ្រប់គ្រងអាណានិគមបារាំង ដែលចាប់ផ្តើមពីឆ្នាំ ១៨៣០ មុនពេលអាល់ហ្សេរី បានឈ្នះសង្គ្រាមឯករាជ្យរយៈពេល ៨ឆ្នាំ ក្នុងឆ្នាំ ១៩៦២។