កងជីវពលហ៊ួទីនៅប្រទេសយេម៉ែន បានអះអាងនៅថ្ងៃអង្គារនេះថា ពួកគេបានបាញ់ទម្លាក់យានដ្រូនអាមេរិក MQ-9 Reaper មួយគ្រឿងទៀត បើទោះបីជាសហរដ្ឋអាមេរិក នៅតែបន្តយុទ្ធនាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់ខ្លួន ដោយកំណត់គោលដៅទៅលើក្រុមនេះក៏ដោយ។
ការបាញ់ទម្លាក់យានដ្រូននោះដែលត្រូវបានរាយការណ៍ថា នៅពីខាងលើអភិបាលខេត្ត Marib របស់ប្រទេសយេម៉ែន បានកើតឡើង នៅពេលដែលអាមេរិក បានវាយប្រហារតាមអាកាសជុំវិញទីក្រុងសាណា ជារដ្ឋធានីដែលគ្រប់គ្រងដោយកងជីវពលរបស់ប្រទេសនេះ និងទីក្រុង Saada ដែលជាបន្ទាយរឹងមាំសម្រាប់ក្រុមហ៊ួទី។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានចេញការព្រមានថ្មីមួយដល់ទាំងក្រុម ហ៊ួទី និងអ្នកទទួលផលសំខាន់របស់ពួកគេ គឺអ៊ីរ៉ង់ ដោយពណ៌នាក្រុមនេះថា ត្រូវបាន «បំផ្លាញ» ដោយយុទ្ធនាការនៃការវាយប្រហារ ដែលបានចាប់ផ្តើម នៅថ្ងៃទី ១៥ ខែមីនា។
លោក ត្រាំ បានសរសេរនៅលើគេហទំព័របណ្តាញសង្គម Truth Social របស់ខ្លួនថា៖«ប្រយុទ្ធជនភាគច្រើននិងក្រុមមេដឹកនាំរបស់ពួកគេ លែងមានតទៅទៀតហើយ។ «យើងបានវាយប្រហារពួកគេ ទាំងថ្ងៃទាំងយប់ កាន់តែខ្លាំងៗឡើង។ សមត្ថភាពរបស់ពួកគេដែលគំរាមកំហែងដល់ការដឹកជញ្ជូន និងតំបន់កំពុងត្រូវបានបំផ្លាញយ៉ាងឆាប់រហ័ស។ ការវាយប្រហាររបស់យើង នឹងបន្ត រហូតដល់ពួកគេលែងជាការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍។
លោកបានបន្ថែមថា៖«ជម្រើសសម្រាប់ក្រុមហ៊ួទី គឺច្បាស់ណាស់៖ បញ្ឈប់ការបាញ់ប្រហារលើនាវាអាមេរិក ហើយយើងក៏នឹងបញ្ឈប់ការបាញ់ប្រហារមកលើពួកគេដែរ។ បើមិនដូច្នេះទេ យើងទើបតែចាប់ផ្តើម ហើយការឈឺចាប់ពិតប្រាកដ មិនទាន់មកដល់នៅឡើយទេ សម្រាប់ទាំងក្រុមហ៊ួទី និងអ្នកឧបត្ថម្ភរបស់ពួកគេ នៅអ៊ីរ៉ង់នោះ» ។