មន្ត្រីខេត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ក្នុងចំណោមមនុស្ស ៤នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទ នៅក្នុងខេត្ត Tartus របស់ប្រទេសស៊ីរី ជាតំបន់ឆ្នេរដែលមានប្រជាជនរស់នៅភាគច្រើន ជាជនជាតិភាគតិចអាឡាវីត( Alawite) ។
ក្រុមអ្នកវាយប្រហារដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងមានចំនួនច្រើន បានបើកការបាញ់ប្រហារនៅភូមិ Haref Nemra ជាភូមិមួយនៅតំបន់ជនបទ Baniyas ក្នុងខេត្ត Tartus។ លោក Amer Al-Madani ប្រធានសន្តិសុខតំបន់Baniyas ដែលបាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រហ្វេស ប៊ុកផ្លូវការរបស់ខេត្ត បាននិយាយថា កងកម្លាំងសន្តិសុខទូទៅរបស់ខេត្ត Tartus កំពុងស្វែងរកអ្នកពាក់ព័ន្ធ «ដើម្បីនាំពួកគេ មកកាត់ទោស» ។
លោក Kamal ជាអ្នកភូមិក្បែរនោះ និងជាសាច់ញាតិរបស់ជនរងគ្រោះបីនាក់ ដែលសុំឲ្យស្គាល់ឈ្មោះដំបូង ដោយខ្លាចមានការសងសឹក បាននិយាយថា ខ្មាន់កាំភ្លើងពាក់ម៉ាស់ ដែលលោកជឿថា ជាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល បានមកដល់ភូមិ ដើម្បីស្វែងរកឈ្មោះ Mukhtar ជាអ្នកដឹកនាំតំបន់តំណាងសហគមន៍ទទួលបន្ទុកដោះស្រាយបញ្ហារដ្ឋបាល មុនពេលបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ដែលមានអាយុពី ៨ឆ្នាំ និង ១២ឆ្នាំ មកពីគ្រួសារតែមួយ។
លោក Kamal បាននិយាយថា ខ្លួនកំពុងដកស្រង់ដំណើររឿងពីសាក្សីបីនាក់ផ្សេងទៀត។ ព្រឹត្តិការណ៍ជាបន្តបន្ទាប់មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ ហើយក៏មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីព័ត៌មានលម្អិតនៃការវាយប្រហារនេះដែរ។
ក្រុម Hayat Tahrir Al-Sham (HTS) គឺជាក្រុមឥស្លាមនិយម ដែលមានមេដឹកនាំ គឺ លោក Ahmad Al-Sharaa បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តួលរំលំអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) ហើយបច្ចុប្បន្ននេះ ជាប្រធានាធិបតីស៊ីរី។