ប្រមុខរបបយោធានៅប្រទេសប៊ួគីណា ហ្វាសូ ( Burkina Faso) បានលើកលែងទោសទាហាន ២១ នាក់ ដែលត្រូវបានកាត់ទោសពីបទជាប់ពាក់ព័ន្ធ ក្នុងរដ្ឋប្រហារមិនបានសម្រេច ក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមក្រឹត្យផ្លូវការ ដែលបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ។
ប្រទេសនេះ ត្រូវបានគ្រប់គ្រង តាំងពីខែកញ្ញា ឆ្នាំ ២០២២ ដោយមេដឹកនាំយោធា បន្ទាប់ពីរដ្ឋប្រហារដឹកនាំដោយលោកអនុសេនីយ៍ឯក Ibrahim Traore។
លោក Traore បានប្រកាស «ការលើកលែងទោស» នៅក្នុងខែធ្នូឆ្នាំមុនសម្រាប់មនុស្សមួយចំនួន ដែលត្រូវបានកាត់ទោសពីបទការប៉ុនប៉ងឆ្នាំ ២០១៥ ដើម្បីផ្តួលរំលំរដ្ឋាភិបាលអន្តរកាល បន្ទាប់ពីការដួលរលំនៃអតីតប្រធានាធិបតីលោក Blaise Compaore ។
ក្រឹត្យដែលបានចេញកាលពីសប្តាហ៍មុន បានបញ្ជាក់ថា អ្នកដែលត្រូវបានផ្តន្ទាទោស ឬកាត់ទោស នៅចំពោះមុខតុលាការសម្រាប់ទង្វើដែលបានប្រព្រឹត្ត កាលពីថ្ងៃទី ១៥ និង ១៦ ខែកញ្ញា ឆ្នាំ ២០១៥ ត្រូវបានលើកលែងទោស គឺមានទាហាន ២១នាក់។ មន្ត្រីចំនួន ៦រូប ក្នុងនោះមានអតីតមេបញ្ជាការកងឯកភាពពីររូបនៃអតីតឆ្មាំប្រធានាធិបតី គឺមាននៅក្នុងបញ្ជីឈ្មោះ រួមជាមួយនឹងមន្ត្រី ដែលគ្មានឋានន្តរស័ក្តិនិងទាហានដែលមានឋានន្តរស័ក្តិចំនួន ១៥រូប។