អាជ្ញាធរម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១១២នាក់ បានរងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះឡើង នៅឯបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុន Petronas ក្នុងតំបន់ Putra Heights របស់ទីក្រុង Puchong កាលពីថ្ងៃអង្គារ (ទី១ ខែមេសា) នេះ។
ជនរងគ្រោះចំនួន ៤៩នាក់ កំពុងទទួលការព្យាបាលនៅមូលដ្ឋានវេជ្ជសាស្រ្តដែលបង្កើតឡើងនៅវិហារ Sri Maha Kaliamman ខណៈដែលជនរងគ្រោះ ៦៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលបន្ថែម។ អាជ្ញាធរបានប្រាប់នៅមុននោះថា មនុស្ស ៣៣នាក់ បានរងរបួស និង ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មុនពេលធ្វើបច្ចុប្បន្នភាពអំពីចំនួន។

ដោយត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មាន Malay Mail លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះប្រចាំរដ្ឋ Selangor បាននិយាយថា៖ «អគ្គិភ័យនេះពាក់ព័ន្ធនឹងការលេចធ្លាយបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុន Petronas ដោយតាមការប៉ាន់ស្មានបំពង់បង្ហូរប្រហែល ៥០០ម៉ែត្រ កំពុងឆាបឆេះ»។
យោងតាមនាយកដ្ឋានបានឲ្យដឹងថា ក្រុមហ៊ុន Petronas បានបិទសន្ទះបិទបើកនៅលើបំពង់ដែលកំពុងមានអគ្គិភ័យនោះ។ សេចក្ដីការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានឲ្យដឹងថា បំពង់បង្ហូរប្រេងបានផ្ទុះ ហើយអ្នកស្រុកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama ថា ពួកគេមានអារម្មណ៍ញ័រ នៅម៉ោងប្រហែល ៨ព្រឹកនៅពេលដែលករណីអគ្គិភ័យនេះបានកើតឡើង៕

