ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិតាឡី សង្កាត់់ដង្កោ សូមថ្លែងអំណរអរគុណអាជ្ញាធរខណ្ឌដង្កោ ដែលបានខិតខំជួយដោះស្រាយបញ្ហាទឹកលិចជូនពួកគាត់។
ប្រជាពលរដ្ឋប្រាប់អោយដឹងថា បញ្ហាទឹកលិចក្នុងភូមិរបស់ពួកគាត់ គឺរយះពេលជាង ១ខែមកហើយ ដែលធ្វើអោយពួកគាត់ពិបាករស់នៅខ្លះៗដែរ ទាំងការធ្វើដំណើរទៅធ្វើការងារ កូនៗទៅរៀនសូត្រ ឬទៅផ្សារទិញម្ហូបអាហារក្តី។ល។ និង។ល។ គឺដោយសារទឹកមានក្លឹនស្អុយផងនោះ ទើបពួកគាត់ផ្តល់ដំណឹងជូនអាជ្ញាធរសង្កាត់ ខណ្ឌដង្កោ អោយបានជ្រាប នឹងជូយដោះស្រាយ។
ពលរដ្ឋរៀបរាប់បន្តថា ឥឡូវមកដល់ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ នេះ អាជ្ញាធរខណ្ឌដង្កោសហការជាមួយមន្ត្រីរថយន្តបូមលូរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក សំ ញ៉ាវ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ខណ្ឌដង្កោ និងភូមិ មន្ត្រីសាលាសង្កាត់ដង្កោ ចុះជួុយបូមលូក្នុងការរំដោះទឹកចេញពីភូមិអស់ហើយ ។
ជាមួយគ្នានេះពួកគាត់ទាំងអស់គ្នាដែលរស់នៅភូមិតាឡី សង្កាត់់ដង្កោ សូមថ្លែងអំណរគុណទៅដល់អាជ្ញាធរខណ្ឌដង្កោ ដែលបានខិតខំប្រឹងប្រែងជួយដោះស្រាយបញ្ហាទឹកលិចជូនពួកគាត់បានល្អប្រសើរ ។
មន្ត្រីសាលាខណ្ឌដង្កោប្រាប់អោយដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីបញ្ហាទឹកលិចនេះ លោកស្រី គឹម ញឹប អភិបាល នៃ គណៈអភិបាលខណ្ឌដង្កោ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ បានបញ្ជាមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូន សាលាខណ្ឌដង្កោ និងមន្ត្រី ភូមិសង្កាត់ដង្កោ ដោយសហការជាមួយមន្ត្រីរថយន្តបូមលូរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ រថយន្តបូមលូ ចំនួន ២គ្រឿង ចុះជួយអន្តរាគមន៍បូមលូ និងកាយភក់ ឬ កាកសំណល់ផ្សេងនានាដែលនៅបាំងមុខទឹក ដើម្បីរំដោះទឹកចេញពីភូមិរបស់បងប្អូនប្រជាពលរដ្ឋ។
មន្ត្រីសាលាខណ្ឌដង្កោប្រាប់បញ្ជាក់អោយដឹងថា មូលហេតុដែលបណ្តាលអោយទឹកលិចបែបនេះ គឺដោយសារមួយរយះពេលនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ហើយគួបផ្សំទៅនិងប្រព័ន្ធលូបង្ហូរទឹកមានសំរាមនិងភក់នៅបាំងមុខទឹកទៀត ផងនោះ ទើបធ្វើអោយទឹកហូរយឺត និងលិចបែបនេះ ។ បញ្ហានេះត្រូវបានអាជ្ញាធរខណ្ឌដង្កោសហការជាមួយមន្ត្រីជំនាញជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋរួចរាល់ហើយ៕អត្ថបទ ៖ តារាវុទ្ធី







