តួលេខចុងក្រោយរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បង្ហាញថា ប្រាក់ចំណូលរបស់ស្ថាប័ន បានធ្លាក់ចុះ ១ពាន់លានផោន (១,២៩៣ពាន់លានដុល្លារ) បើធៀបនឹងឆ្នាំ២០១០។ ហើយជាមួយគ្នានេះ បើយោងតាមផែនការប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៥-២០២៦ សាជីវកម្មនេះបានលើកឡើងថា ខ្លួនលែងអាចពឹងលើនយោបាយកាត់បន្ថយបុគ្គលិកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុទៀតហើយ បន្ទាប់ពីបានបញ្ឈប់ចំនួន ២.០០០នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ BBC បានជួបបញ្ហាប្រាក់កាន់តែខ្លាំងឡើងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពោលគឺក្រោយរយៈពេល ២ឆ្នាំ នៅពេលដែលថ្លៃអាជ្ញាប័ណ្ណ ត្រូវបានបង្កក ហើយអតិផរណាបានឡើងខ្ពស់។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនោះ ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងថា៖ «បើទោះបីជា BBC Commercial (ពាណិជ្ជកម្មរបស់ BBC) មានការរីកចម្រើនខ្លាំងក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយ BBC ត្រូវជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការផ្តល់មូលនិធិមាតិកាដែលមិនធ្លាប់មានពីមុនមក ដោយសារភាពជាដៃគូសហការផលិតជាមួយសេវាអនឡាញ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នៅក្នុងវិស័យនេះ បានថយចុះ។ បើគ្មានការអន្តរាគមន៍ទេនោះ វានឹងពិបាកក្នុងការរក្សានូវគោលដៅដ៏ធំ និងបរិមាណនាពេលបច្ចុប្បន្ននៃមាតិការបស់ចក្រភពអង់គ្លេស»។
យ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានបញ្ជាក់បន្ថែមដែរថា ខ្លួននឹង «បន្តកម្មវិធីផ្លាស់ប្តូរប្រកបដោយមហិច្ឆតារបស់ខ្លួន ដើម្បីធានាបានថា BBC ស្ថិតក្នុងស្ថានភាពល្អបំផុត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស» បន្ទាប់ពីមាន «កម្លាំងពលកម្មតិចតួច តែមានប្រសិទ្ធភាព ក្រោយអនុវត្តកម្មវិធីសន្សំយ៉ាងខ្លាំងក្លា»៕