នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃអង្គារ (ទី១ ខែមេសា) បាននិយាយថា ប្រទេសជប៉ុននឹងបន្តជំរុញយ៉ាងខ្លាំងក្លា ដើម្បីឲ្យសហរដ្ឋអាមេរិកព្រមលើកលែងការដំឡើងពន្ធលើរថយន្ត។
សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីផែនការយកពន្ធ ២៥ភាគរយលើដែលត្រូវបានបង្ហាញកាលពីសប្តាហ៍មុនដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលក៏បានសន្យាផងដែរថា នឹងប្រកាសនៅថ្ងៃទី២ ខែមេសា អំពីពន្ធបដិការលើប្រទេសទាំងអស់។

អំឡុងសន្និសីទសារព័ត៌មានមួយ លោក Ishiba បានប្រាប់ថា នីតិវិធីនានា ដូចជាការផ្តល់ជំនួយឧបត្ថម្ភដល់បណ្ដាក្រុមហ៊ុនដែលមានបញ្ហាសាច់ប្រាក់ គឺស្ថិតក្នុងចំណោមវិធានការដែលរដ្ឋាភិបាលអាចអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចពីការដំឡើងពន្ធខ្ពស់នេះ។
ក្នុងករណីដែលប្រទេសជប៉ុនត្រូវជួបប្រទះនឹងការយកពន្ធខ្ពស់នេះ លោកបាននិយាយថា៖ «រដ្ឋាភិបាលនឹងចរចាជាមួយរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាចនូវវិធានការជាក់លាក់យ៉ាងឆាប់ ដែលយើងអាចធ្វើ ដើម្បីឆ្លើយតប»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋាភិបាល កំពុងចរចាជាមួយសមភាគីអាមេរិក ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម អំពីផែនការពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ដោយលោកបានបន្ថែមថា លោក «នឹងមិនស្ទាក់ស្ទើរ» ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកម្តងទៀតនោះទេ ដើម្បីធ្វើការអំពាវនាវដោយផ្ទាល់ ក្នុងគោលបំណងឲ្យមានការលើកលែងពីវិធានការដំឡើងពន្ធនេះ៕

