ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃអង្គារ (ទី៣១ ខែមីនា) នេះ បាននិយាយថា ការផ្តន្ទាទោសមេដឹកនាំស្តាំនិយមជ្រុលរបស់បារាំង គឺលោកស្រី Marine Le Pen និងបម្រាមមិនឲ្យឈរឈ្មោះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ គឺជា «រឿងធំណាស់»។
គួរបញ្ជាក់ថា តុលាការបារាំង កាលពីថ្ងៃចន្ទ (ទី៣១ ខែមីនា) បានសម្រេចដកសិទ្ធិលោកស្រី Le Pen មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ បន្ទាប់ពីលោកស្រីត្រូវបានកាត់ទោសពីបទកេងបន្លំ។
កាលពីល្ងាចថ្ងៃទី ៣១ ខែមីនា នៅពេលត្រូវបានសួរអំពីការផ្តន្ទាទោសនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា៖ «នោះជារឿងដ៏ធំមួយ»។
ការសម្រេចរបស់តុលាការបារាំង គឺជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ សម្រាប់លោកស្រី Le Pen វ័យ ៥៦ឆ្នាំ។ ប្រធានគណបក្សរួបរួមជាតិ (NR) គឺជាម្នាក់ ក្នុងចំណោមឥស្សរជនដ៏លេចធ្លោបំផុតរបស់អឺរ៉ុបខាងស្ដាំនិយម និងជាអ្នកនាំមុខក្នុងការស្ទង់មតិ សម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ របស់ប្រទេសបារាំង។
លោក Trump បាននិយាយថា៖ «ខ្ញុំដឹងទាំងអស់អំពីរឿងនេះ ហើយមនុស្សជាច្រើនគិតថា លោកស្រីនឹងមិនត្រូវបានផ្ដន្ទាទោសពីរឿងអ្វីទាំងអស់»។ ហើយនៅក្នុងការនិយាយយោងជាក់ស្តែង ចំពោះករណីផ្លូវច្បាប់ដែលលោកប្រឈមជាមួយដោយផ្ទាល់ មុនបានចូលកាន់តំណែង លោកបានបញ្ជាក់ថា៖ «ប៉ុន្តែលោកស្រីត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះរយៈពេល ៥ឆ្នាំ ហើយលោកស្រី គឺជាបេក្ខជននាំមុខគេ។ ករណីនោះដូចប្រទេសនេះ សា្ដប់ទៅដូចប្រទេសនេះខ្លាំងណាស់»។
សូមរំលឹកថា លោក Trump ត្រូវបានចោទប្រកាន់ជាផ្លូវការ ជុំវិញបទល្មើសព្រហ្មទណ្ឌមួយចំនួន ដូចជាផ្ដល់ប្រាក់បំបិទមាត់ដល់តារាអាសអាភាស ប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលលោកបានរងបរាជ័យ និងរក្សាទុកឯកសារសម្ងាត់ បន្ទាប់ពីអាណត្តិដំបូងរបស់លោកបានបញ្ចប់។
លោកត្រូវបានផ្ដន្ទាទោស ក្នុងសំណុំរឿងប្រាក់បំបិទមាត់។ លោកបដិសេធមិនបានប្រព្រឹត្តខុស ក្នុងគ្រប់ករណីដែលលោកហៅថា មានហេតុផលនយោបាយ។ ការចោទប្រកាន់របស់សហព័ន្ធ លើរូបលោក ត្រូវបានទម្លាក់ចោល បន្ទាប់ពីលោកឈ្នះការបោះឆ្នោតឆ្នាំ២០២៤៕