ស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្តនៅទីក្រុងខ្សែត្រៀមមុខ Pokrovsk ជនភៀសខ្លួនអ៊ុយក្រែននៅតំបន់ Donetsk បានរត់ភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នស្ថិតក្នុងទីក្រុងភាគខាងកើត Pavlohrad កាលពីថ្ងៃចន្ទ ។
ជារៀងរាល់ថ្ងៃ មនុស្សប្រហែល ៧០នាក់ បានរត់គេចចេញពីការផ្លោងគ្រាប់កាំភ្លើងធំ និងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ទៅកាន់ជម្រកបណ្តោះអាសន្ន ។
អ្នកនាង Kateryna Boyarova គឺជាពលរដ្ឋអ៊ុយក្រែនវ័យ ២៤ឆ្នាំមួយរូប ដែលបានចាកចេញពីទីក្រុង Kostiantynivka ស្ថិតនៅចម្ងាយប្រហែល ៤៥គ.មពីទីក្រុងឡោមព័ទ្ធ Pokrovsk និយាយថា ពេលដែលអ្នកបើកភ្នែករបស់អ្នក អ្នកនឹងមើលឃើញគ្រាប់រ៉ុក្កែតហោះសំដៅឆ្ពោះមកកាន់អ្នក វាធ្វើឲ្យអ្នកភិតភ័យស្លន់ស្លោខ្លាំងណាស់ ហើយនិងបង្ខំឲ្យអ្នកធ្វើអ្វីមួយដែលតាមធម្មតាអ្នកមិនធ្លាប់ដែលធ្វើវា ។
អស់រយៈពេលជាច្រើនខែមកហើយដែលកងកម្លាំងរុស្ស៊ី ផ្តោតសំខាន់លើការរុលទៅមុខទៅកាន់មជ្ឈមណ្ឌលភស្តុភារ និងតំបន់រ៉ែធ្យូងថ្មដែលបញ្ឈប់ប្រតិបត្តិការកាលពីខែមករា ស្របពេលដែលទាហានក្រុងម៉ូស្គូ រុលចូលកាន់តែជិត ។
ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែន បានរាយការណ៍ពីភាពជោគជ័យរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងការទប់ទល់ការរុលចូលរបស់កងកម្លាំងរុស្ស៊ីនៅតំបន់នោះ ។
ប៉ុន្តែការផ្លោងគ្រាប់កាំភ្លើងធំ និងការប្រយុទ្ធគ្នា បានធ្វើឲ្យអ្នកស្រុកកាន់តែច្រើនជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេជារៀងរាល់ថ្ងៃ ។
លោក Serhii Managarov ដែលជានិវត្តន៍ជនរស់នៅក្នុងភូមិ Myrneក្រោយត្រូវបានជម្លៀសចេញពីភូមិរបស់លោក និយាយថា វាពិតជាពិបាកខ្លាំងណាស់ ។ គ្រាន់តែនឹកគិតទុកចោលអ្វីសព្វបែបយ៉ាងដែលជាទ្រព្យសម្បត្តិរបស់អ្នក គឺជារឿងដ៏គួរឲ្យសោកស្តាយណាស់ទៅហើយ ។ លោកមានផ្ទះល្វែងដ៏ធំមួយ លោកទុកចោលអ្វីៗគ្រប់បែបយ៉ាងទាំងអស់ លោកបោះបង់វាចោលទាំងអស់ ។
លោកបន្តថា លោកគ្មានបំណងវិលត្រឡប់ទៅកាន់ផ្ទះរបស់លោកវិញនោះទេ ។ តើនរណានឹងដណ្តើមយកវា? លោកអត់ដឹងនោះទេ លោកលែងខ្វល់ពីអ្វីទៀតហើយ ៕