ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៣១ ខែមីនា) បានឲ្យដឹងថា ក្រុមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងធ្វើដំណើរទៅកាន់សហភាពមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.០០០នាក់។
ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់ម្នាក់របស់ USAID និងប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយថា ការចាកចេញរបស់ក្រុមវាយតម្លៃ ៣នាក់ ត្រូវបានពន្យារពេលដោយសារបញ្ហាក្នុងការទទួលបានទិដ្ឋាការពីមេដឹកនាំយោធាមីយ៉ាន់ម៉ា។

លើសពីនេះទៅទៀត ពួកគេបាននិយាយថា ការឆ្លើយតបរបស់រដ្ឋបាលលោក Donald Trump ទាំងមូល ត្រូវបានរំខានដោយការកាត់បន្ថយមូលនិធិដ៏ធំ ការបញ្ឈប់អ្នកម៉ៅការ និងផែនការបណ្តេញបុគ្គលិករបស់ USAID ស្ទើរតែទាំងអស់ដែលដឹកនាំដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (Doge) របស់លោកមហាសេដ្ឋី Elon Musk។
លោកស្រី Sarah Charles ដែលជាប្រធានការិយាល័យជំនួយមនុស្សធម៌របស់ទីភ្នាក់ងារនេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ បាននិយាយថា ការឆ្លើយតបបានរងប៉ះពាល់ដោយ «ភាពច្របូកច្របល់ផ្ទៃក្នុងជាច្រើន ពាក់ព័ន្ធនឹងសមត្ថភាពឆ្លើយតប និងឆន្ទៈក្នុងការឆ្លើយតប»។
អំឡុងពេលនិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយថា អ្នកជំនាញខាងគ្រោះមហន្តរាយរបស់សហរដ្ឋអាមេរិក រួមទាំងអ្នកដែលមានមូលដ្ឋាននៅទីក្រុងបាងកក ម៉ានីល និងវ៉ាស៊ីនតោន កំពុងតាមដានស្ថានភាព ហើយក្រុមវាយតម្លៃកំពុងត្រូវបានបញ្ជូនទៅ។ លោកស្រីបានបដិសេធការលើកឡើង ដែលថា ការកាត់បន្ថយបុគ្គលិករារាំងដល់ដំណើរការនេះ៕


