នៅថ្ងៃអង្គារនេះ ក្រុមបុគ្គលិកមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិឥណ្ឌា(NDRF) បានជួយរុករកអ្នករស់រាន ដោយពួកគេនាំគ្នាកាត់ និងខួងឆ្លងកាត់កម្ទេចកម្ទី ពេលដែលពួកគេស្វែងរកអ្នករស់រាននៅក្រោមគំនរបាក់បែកអគារបាក់រលំ នៅទីក្រុងម៉ាន់ដាឡេ ដែលរងការវាយប្រហារដោយសារគ្រោះរញ្ជួយដី ។
ក្រុមជួយសង្រ្គោះនេះ គឺជាផ្នែកមួយនៃក្រុមជំនួយមកពីប្រទេសឥណ្ឌា ដែលត្រូវបានដាក់ពង្រាយទៅជួយការងារសង្រ្គោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារសហភាពមីយ៉ាន់នៅពេលបាយថ្ងៃត្រង់កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលជាង ១សតវត្សរ៍កន្លងមកនេះ ដោយបានរលំវត្តអារាមបុរាណ និងអគារទំនើបៗ ។
សារព័ត៌មានរដ្ឋរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ២.០៦៥នាក់ ក្នុងនោះមនុស្សជាង ៣.៩០០នាក់ បានរងរបួស និងមនុស្សយ៉ាងហោច ២៧០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ដោយឡែក រដ្ឋាភិបាលយោធា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃចន្ទតទៅ ៕