ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារកោះ Paros របស់ប្រទេសក្រិក និងបណ្តាលឲ្យជន់លិចផ្លូវថ្នល់ ផ្ទះប្រជាពលរដ្ឋ ខណៈពេលដែលព្យុះបោកបក់ឆ្លងកាត់រដ្ឋធានី Naoussa របស់កោះមួយនេះ ។
ដងផ្លូវនៅទីក្រុង Parikia និងទីក្រុង Naousa បានប្រែក្លាយជាទន្លេ ពេលដែលទឹកហូរចូលហាងកាហ្វេ លំនៅដ្ឋានប្រជាពលរដ្ឋ និងហាងលក់ទំនិញ ហើយនិងរថយន្តចតលើផ្លូវ ។
ក្រុមការងារសង្រ្គោះបន្ទាន់ បានជួយជម្លៀសមនុស្សយ៉ាងហោច ១៣នាក់ ទៅកាន់ទីទួលសុវត្ថិភាព ហើយមកទល់នឹងពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ។
នៅទីក្រុង Mykonos ទឺកជន់មិនសូវខ្លាំងប៉ុន្មានទេ ប៉ុន្តែជំនន់ទឹកភ្លៀងមានពាសពេញមាត់សមុទ្រ ។ ក្រុមអ្នកស្រុក បានប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយដីរំដោះទឹកហូរចញពីភោជនីយដ្ឋាន និងអគារធុរកិច្ចនៅតាមមាត់សមុទ្រ ។
កោះ Paros ស្ថិតនៅក្នុងប្រជុំកោះ Cyclades របស់ក្រិក ហើយសារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមអាជ្ញាធរ បានព្រមានអ្នកស្រុកមិនឲ្យធ្វើដំណើរឆ្លងកាត់ផ្លូវរងការជន់លិចនោះឡើយ ៕