កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញការវាយប្រហារផ្លូវរូងក្រោមដីប្រវែង ១គ.ម នៅតំបន់ភាគខាងជើងហ្កាហ្សា ហើយអង្គភាពទាហានអ៊ីស្រាអែល កំពុងប្រតិបត្តិការនៅតំបន់ភាគខាងជើងដែនដីប៉ាឡេស្ទីនមួយនេះ ។
យោធាអ៊ីស្រាអែលដែលបានកាត់ផ្តាច់ជំនួយដល់តំបន់ហ្កាហ្សា បានចាប់ផ្តើមប្រតិបត្តិការសឹកឡើងវិញកាលពីថ្ងៃទី ១៨ ខែមីនា ក្រោយបទឈប់បាញ់រយៈពេល ២ខែ អំឡុងពេលដែលចំណាប់ថ្នូរអ៊ីស្រាអែល ៣៣នាក់ និងចំណាប់ថ្នូរថៃ ៥នាក់ ត្រូវបានដោះលែង ជាការដោះដូរជាមួយអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២ពាន់នាក់ ។
កិច្ចខិតខំឆ្ពោះទៅរកដំណាក់កាលទី ២នៅក្នុងកិច្ចមព្រៀងបទឈប់បាញ់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិកកាលពីខែមករា ត្រូវបានជាប់គាំង និងគ្មានសញ្ញានៃការជំនះភាពខ្វែងគំនិតគ្នារវាងភាគីទាំង ២ ជុំវិញអនាគតរបស់ហ្កាហ្សានៅក្រោយសង្រ្គាម ។
អ៊ីស្រាអែល និយាយថា យោធា និងសមត្ថភាពរដ្ឋាភិបាលក្រុមហាម៉ាស ត្រូវតែរុះរើចោលទាំងអស់ ហើយក្រុមមួយនេះដែលគ្រប់គ្រងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ ២០០៧រហូតមក មិនអាចមានតួនាទីណាមួយនៅក្នុងអភិបាលកិច្ចនាពេលអនាគិតលើដែនដីមួយនេះទៀតទេ ។
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានស្នើសុំបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាការដោះដូរចំណាប់ថ្នូរសេសសល់ ខណៈយោធាចេញបញ្ជាឲ្យជម្លៀសខ្លួនថ្មី ហើយនិងនិយាយ ប្រតិបត្តិការដ៏ខ្លាំងក្លា គ្រោងនឹងធ្វើឡើងនៅតំបន់ភាគខាងត្បូងហ្កាហ្សា ៕