ក្មេងៗនៅទីក្រុង Jabalia ទទួលបានភាពសប្បាយរីករាយនាសម័យសង្រ្គាមរបស់ពួកគេ ខណៈពេលដែលជនប៉ាឡេស្ទីន Hatem Abu Wadi ដែលជាម្ចាស់ទោង បានបង្កើតវាឡើងឲ្យពួកក្មេងៗបានលេងកម្សាន្តអារម្មណ៍បំបាត់ការឈឺចាប់ អំឡុងពិធីបុណ្យ Eid al-Fitr ។
លោក Abu Wadi និយាយថា គោលដៅរបស់លោកគឺធ្វើឲ្យក្មេងៗសប្បាយរីករាយ និងជួយអ្នកដែលត្រូវការ ពេលដែលលោកផ្តល់សេវាកម្មមួយនេះ ដោយពុំគិតថ្លៃ ។
បើទោះបីជាហ៊ុមព័ទ្ធដោយគំនរបាក់បែកយ៉ាងណាក្តី ក្មេងៗបានជួបជុំគ្នាលេងទោង លោតលើត្រាំប៉ូលីន និងលេងដោយឥតខ្វល់ខ្វាយអ្វីទាំងអស់ ក្រោមស្រមោលសង្រ្គាមដែលនៅតាមលងបន្លាចពួកគេ ។
ក្មេងស្រី Nour Metlal អាយុ ១០ឆ្នាំ ដែលលេងជាមួយក្មេងៗដទៃទៀត និយាយថា ពួកយើងបន់ឲ្យតែពិធីបុណ្យ Eid al-Fitr មកដល់ទេ ហើយនិងបន់ឲ្យមានបទឈប់បាញ់ ប៉ុន្តែបុណ្យ Eid បានមកដល់ហើយ ពួកយើងបែរជាមិនសប្បាយ ពេលដែលសង្រ្គាមបានមកដល់ដូចគ្នា ។

អ៊ីស្រាអែល និយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានស្នើសុំបន្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាការដោះដូរចំណាប់ថ្នូរសេសសល់ ខណៈយោធាចេញបញ្ជាឲ្យជម្លៀសខ្លួនថ្មី ហើយនិងនិយាយ ប្រតិបត្តិការដ៏ខ្លាំងក្លា គ្រោងនឹងធ្វើឡើងនៅតំបន់ភាគខាងត្បូងហ្កាហ្សា ។
សំណើចុងក្រោយនេះ នឹងបើកទ្វារសម្រាប់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រចំពោះការបញ្ចប់សង្រ្គាមរវាងអីស្រាអែល និងក្រុមហាម៉ាស ដែលបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាគ្មានសេសសល់ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយនិងជម្លៀសមនុស្សស្ទើទាំងអស់ ចាប់តាំងពីវាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣ ។
មន្រ្តីអ៊ីស្រាអែលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថា សំណើមួយនេះ សង្ឃឹមថានឹងមានការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នាក់ពាក់កណ្តាលនៃចំណាប់ថ្នូរ ២៤នាក់ ដែលគេមានជំនឿថានៅរស់ក្នុងតំបន់ហ្កាហ្សា រយៈពេលជិត ១៨ខែក្រោយពួកគេត្រូវបានចាប់ខ្លួនយកទៅដោយក្រុមខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស ហើយនិងប្រហែលពាក់កណ្តាលនៃចំណាប់ថ្នូរ ៣៥នាក់ ដែលគេស្មានថាស្លាប់ អំឡុងបទឈប់បាញ់មានរយៈពេលចន្លោះពី ៤០ថ្ងៃ ទៅ ៥០ថ្ងៃ ៕


