ពីទីក្រុងគីវ នៅថ្ងៃអង្គារ (ទី១ ខែមេសា) នេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា សហរដ្ឋអាមេរិកមិនគួរត្រូវបានបំភាន់ដោយអ្វីដែលលោកស្រីបានពិពណ៌នាថា ជា «យុទ្ធសាស្ត្រពន្យឺតដំណើរការ» របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីលោកស្រីទៅដល់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន លោកស្រី Baerbock បានលើកឡើងថា៖ «នៅក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូ យើងនឹងបញ្ជាក់ឲ្យបានច្បាស់លាស់ដល់ភាគីអាមេរិកថា យើងមិនគួរចូលរួមជាមួយយុទ្ធសាស្ត្រពន្យឺតដំណើរការរបស់លោក Putin នោះឡើយ»។
រដ្ឋមន្ត្រីការបរទេសអង្គការណាតូ (NATO) គ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងធ្វើការលើគំនិតនានា សម្រាប់ដំណោះស្រាយសន្តិភាពដែលអាចកើតមាន នៅប្រទេសអ៊ុយក្រែន និងលើការកសាងទំនាក់ទំនងទ្វេភាគី បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោក «មានអារម្មណ៍មួម៉ៅ» ជាមួយលោក Putin ក៏ដោយ។
លោកស្រី Baerbock ដែលជាផ្នែកមួយនៃរដ្ឋាភិបាលអាល្លឺម៉ង់ជិតផុតអាណត្តិរបស់អធិការបតីលោក Olaf Scholz បានបញ្ជាក់ថា វាគឺជាការចាំបាច់បំផុត ក្នុងការគាំទ្រអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ពីព្រោះកិច្ចពិភាក្សា រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ស្ថិតក្នុង «ភាពជាប់គាំង»៕