សាលារៀន និងសាលាមត្តេយ្យ ត្រូវបានបញ្ជាឲ្យបិទនៅលើកោះមួយចំនួនរបស់ប្រទេសក្រិក នៅថ្ងៃអង្គារ (ទី១ ខែមេសា) នេះ ក្នុងនោះរួមមានទាំង Paros និង Mykonos ផងដែរ បន្ទាប់ពីអាកាសធាតុអាក្រក់ធ្ងន់ធ្ងរបាននាំឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងព្យុះព្រិល នៅតំបន់សមុទ្រ Aegean។
អាជ្ញាធរនៅកោះ Paros កំពុងជួបការលំបាក ក្នុងការទាញយករថយន្តដែលជាប់នៅក្នុងទឹកភក់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង កើតមានពេញកោះនេះ ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមនារដូវក្តៅ កាលពីល្ងាចថ្ងៃចន្ទ។
អាកាសអាក្រក់ធាតុធ្ងន់ធ្ងរនេះ បានបន្តមានរហូតដល់ព្រឹកព្រលឹមថ្ងៃនេះ ដោយគ្របដណ្តប់លើតំបន់វាលស្មៅ នៅក្បែរកោះ Mykonos ជាមួយនឹងដុំទឹកកកពណ៌ស និងបានជំរុញឲ្យអាជ្ញាធរការពារស៊ីវិលបញ្ជាឲ្យបិទសាលារៀននៅទីនោះ និងនៅលើកោះផ្សេងទៀត ដែលរួមមានទាំងកោះ Syros, Symi, Kalymnos និង Kos ផងដែរ។
គួរបញ្ជាក់ថា ប្រទេសក្រិកបានរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានចាត់ទុកអាកាសធាតុអាក្រក់ធ្ងន់ធ្ងរនេះថា ដោយសារការឡើងកម្ដៅទឹក ក្នុងពេលដែលសីតុណ្ហភាពពិភពលោកឡើងក្ដៅកាន់តែខ្លាំង៕