ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត នៅព្រឹកថ្ងៃអង្គារនេះ ដែលជាការធ្វើតេស្តមួយចំពោះបទឈប់បាញ់ដ៏រង្គោះរង្គើររយៈពេល ៤ខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានវាយប្រហារលើក្រុមជីវពលហេសបូឡា ដែលកាលពីពេលថ្មីៗនេះ បានបញ្ជាប្រតិបត្តិករហាម៉ាស និងជួយដល់ពួកគេ ។
ការវាយប្រហារនេះដែរ បានកើតមានឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារលើកមុនរបស់អ៊ីស្រាអែលលើតំបន់ជាយក្រុង Dahiyeh នៅភាគខាងត្បូងលីបង់ ដែលជាតំបន់កាន់កាប់របស់ក្រុមហេសបូឡា ។
ប្រធានាធិបតីលីបង់លោក Joseph Aoun បានថ្កោលទោសការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ ដោយលោកចាត់ទុកវាថា ជាការព្រមានដ៏គ្រោះថ្នាក់មួយ បង្ហាញពីគោលបំណងគិតទុកជាមួយប្រឆាំងនឹងលីបង់ ។
លោក Aoun និយាយថា ការឈ្លានពានកើនឡើងរបស់អីស្រាអែល តម្រូវឲ្យលីបង់បង្កើនសកម្មភាពការទូត និងចល័តក្រុមសម្ព័ន្ធមិត្តអន្តរជាតិ ក្នុងការគាំទ្រអធិបតេយ្យភាពពេញលេញរបស់ប្រទេសមួយនេះ ។
ដោយឡែក នាយករដ្ឋមន្រ្តីលីបង់លោក Nawaf Salam បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនេះផងដែរ ហើយលោកនិយាយថា វាគឺជាការបំពានមួយលើសេចក្តីសម្រេចលេខ ១៧០១របស់អង្គការសហប្រជាជាតិ(UN) និងកិច្ចព្រមព្រៀងបទឈប់បាញ់ ។
លោក Salam និយាយថា លោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើលទ្ធភាពនៃការវាយប្រហារ ដោយមានការសម្របសម្រួលជាមួយរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕