ក្រុមអាជ្ញាធរនៅសហភាពមីយ៉ាន់ម៉ា នាំគ្នាធ្វើពិធីស្មឹងស្មាធិ៍រយៈពេល ១នាទី ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតដែលបានសម្លាប់មនុស្សជាង ២.៧០០នាក់ រួមទាំងកុមារ ៥០នាក់នៅសាលារៀនមួយកន្លែង ស្ថិតនៅជិតទីក្រុងម៉ាន់ដាឡេ ។
ពិធីរំឭកវិញ្ញាណក្ខន្ធនៅថ្ងៃអង្គារនេះ បានកើតមានឡើង ពេលដែលក្រុមជំនួយនិយាយថា សហគគមន៍នៅតំបន់រងការវាយប្រហារខ្លាំងបំផុត ពិបាកស្វែងរកស្បៀងអាហារ ទឹកស្អាត និងទីជម្រក ។
គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារមីយ៉ាន់ម៉ានាពេលបាយថ្ងៃត្រង់កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលជាង ១សតវត្សរ៍កន្លងមកនេះ ។
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់សរុប បានកើនឡើងដល់ ២.៧១៩នាក់ ហើយចំនួនស្លាប់នេះ អាចនឹងកើឡើងដល់លើស ៣ពាន់នាក់ ។ លោកថា មនុស្ស ៤.៥២១នាក់ បានរងរបួស និងមនុស្ស ៤៤១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ៕