ក្រុមកណ្តាល-ស្តាំនិយម គឺបក្សសម្ព័ន្ធប្រជាធិបតេយ្យ (AD) ដែលកំពុងគ្រប់គ្រងប្រទេសព័រទុយហ្គាល់ បានបន្តការនាំមុខរបស់ខ្លួន នៅក្នុងការស្ទង់មតិថ្មីមួយ ដែលត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតសកលមុនអាណត្តិ នាថ្ងៃទី១៨ ខែឧសភា តែការព្យាករបង្ហាញថា វានៅតែមិនទាន់ដល់កម្រិតសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភានោះឡើយ។
ការស្ទង់មតិដោយស្ថាប័នស្ទង់មតិ Pitagorica សម្រាប់ទូរទស្សន៍ TVI និងវិទ្យុ TSF ដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ (ទី៣១ ខែមីនា) បានបង្ហាញថា ការគាំទ្រគណបក្ស AD គឺ ៣៤,៤ភាគរយ ដោយនាំមុខច្រើនគួរសមលើក្រុមកណ្តាល-ឆ្វេងនិយម គឺគណបក្សសង្គមនិយម (PS) ដែលមានសំឡេងគាំទ្រ ២៧,៨ភាគរយ។
ការគាំទ្រ ចំពោះគណបក្ស AD បានកើនឡើងប្រហែល ១ភាគរយពីចំនួននៃការស្ទង់មតិរបស់ស្ថាប័ន Pitagorica កាលពី ១ខែមុន មុនពេលរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកនាយករដ្ឋមន្ត្រី Luis Montenegro បានដួលរលំនៅដើមខែមីនា ខណៈដែលគណបក្ស PS បានធ្លាក់ចុះសំឡេងគាំទ្រក្នុងកម្រិតដូចគ្នា។ ការស្ទង់មតិផ្សេងទៀត ភាគច្រើនបានដាក់លទ្ធផលស្ទើរតែស្មើគ្នា រវាងគណបក្សទាំង២។
រដ្ឋាភិបាលរបស់លោក Montenegro មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា អំឡុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត បន្ទាប់ពីក្រុមប្រឆាំងបានចោទសួរពីសុចរិតភាពរបស់លោក ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនប្រឹក្សាយោបល់របស់គ្រួសារលោក។ លោកបានបដិសេធមិនបានប្រព្រឹត្តអ្វីខុសទាំងអស់។
កាលពី ១ឆ្នាំមុន គណបក្ស AD បានឈ្នះការបោះឆ្នោតជាតិ ជាមួយនឹងការទទួលបានសន្លឹកឆ្នោត ២៨,៨ភាគរយ ដោយនាំមុខក្នុងកម្រិតដ៏ស្ដួចស្ដើងលើគណបក្សសង្គមនិយម ដែលមាន ២៨ភាគរយ៕