
កំពង់ធំ៖ អភិបាលខេត្តកំពង់ធំហាមដាច់ខាតមិនអនុញ្ញាតឲ្យអាស្រ័យផលក្នុងតំបន់៣ ដកហូតយកដីទាំងអស់នោះ ពីអ្នកកាន់កាប់ដោយខុសច្បាប់ និងហាមដាច់ខាតមិនឲ្យប្រើប្រាស់អាងទឹកទាំង៣១ នៅក្នុងតំបន់បីជាដាច់ខាត។
ឯកឧត្ដម ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នៅសាលាខេត្តកំពង់ធំ។
ឯកឧត្ដមបន្តថា មន្ត្រីដែលពាក់ព័ន្ធអភិបាលស្រុកដែលនៅជាប់បឹងទន្លេសាបសូមយកចិត្តទុកដាក់បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹកចំណុចតំបន់បីឱ្យខានតែបាន។
ទន្ទឹមនោះការអាស្រ័យផលនៅក្នុងតំបន់បីមិនត្រូវអនុញ្ញាតនោះឡើយ ជាពិសេសការប្រើប្រាស់អាងទឹកទាំង៣១ និងប្រព័ន្ធប្រឡាយផ្សេងៗ។ ដែលរាល់ការស្នើស្តារ ឬជីកសុំប្រឡាយទឹកនិងប្រព័ន្ធធារាសាស្ត្រផ្សេងៗ គឺសូមផ្អាកទាំងអស់មិនអនុញ្ញាតបន្តការស្នើសុំទេ។ ហើយត្រូវបន្តពង្រឹងនិងជំរុញល្បឿន នៃការដោះស្រាយសំណុំរឿងនៅតុលាការ ដែលមានការទំនាក់ទំនងគ្នាដើម្បីផលប្រយោជន៍រួម បន្តអនុវត្តសំណុំរឿងឲ្យចេញជាផ្លូវការជូនរដ្ឋបាលខេត្តអនុវត្តយុទ្ធនាការក្នុងការគ្រប់គ្រងដី។
គណៈបញ្ជាការឯកភាពស្រុក និងកម្លាំងទាំងអស់ត្រូវយកស្មារតីអនុវត្តច្បាប់លើការងារនេះតាមភាពជាក់ស្តែងដោយផ្អែកទៅលើប្រព័ន្ធតុលាការ។ ត្រូវពង្រឹងការគ្រប់គ្រង សជណ ពាក់ព័ន្ធតំបន់ផ្សេងៗនិងបង្កើតក្រុមការងារចំពោះកិច្ច។ ការងារ កសិកម្ម ការងារធនធានទឹក ការងារសំណង់ បង្កើតការងារក្រៅប្រព័ន្ធតុលាការ គឺអោយអភិបាលរងខេត្ត៣រូបគ្រប់គ្រងជាប្រធាន និងមានស្មារតីទទួលខុសត្រូវខ្ពស់! តំបន់បី គឺមិនអនុញ្ញាតទៀតទេចំពោះអាងទឹក ប្រព័ន្ធទន្លេសាស្ត្រ មិនអោយអាស្រ័យផល មានអាងទឹកចំនួន៣១អាង ត្រូវដាក់កម្លាំងល្បាតឲ្យបានគ្រប់ជ្រុងជ្រោយ និងហាមឃាត់ជាដាច់ការដាក់គ្រឿងយន្តនៅក្នុងតំបន់បី រួមមានត្រាក់ទ័រអេស្ការ ម៉ាស៊ីនច្រូត និងម៉ាស៊ីនបូមទឹកជាដើម។
ក្នុងកិច្ចប្រជុំនោះអភិបាលស្រុកចំនួន៦ស្រុក គឺ ស្រុកស្ទោង ស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកតាំងគោក ស្រុកបារាយណ៍ បានលើកឡើងពីបញ្ហាការប្រឈមនិងការទប់ស្កាត់ពីក្រុមខិលខូចលួចកាប់ដីព្រៃ គឺមានបញ្ហាពិបាកនិងប្រឈម។ ដើម្បីទប់ស្កាត់ពីក្រុមទាំងអស់នេះ មានតែបិតការស្នើសុំស្តារប្រឡាយជួសជុលប្រឡាយ ដើម្បីកាត់ផ្តាច់ប្រភពទឹកដូច្នេះអាចលុបបាត់ការលួចកាប់ដីព្រៃជុំវិញបឹងទន្លេសាបបាន៕


