ក្រុមមន្រ្តីអង្គការសហប្រជាជាតិ(UN) និយាយថា សាកសពក្រុមការងារសង្រ្គោះបន្ទាន់ និងក្រុមការងារផ្តល់ជំនួយ ១៥នាក់ មកពីក្រុមអឌ្ឍចន្ទក្រហម ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន និងក្រុមការងារ UN ត្រូវបានរកឃើញក្នុងផ្នូរមួយស្ថិតលើដីខ្សាច់ នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ។
សាកសពគ្រូពេទ្យបឋមក្រុមអឌ្ឍចន្ទក្រហម ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យនៅទីក្រុង Khan Younis ។
ក្រុមការងារសង្រ្គោះបន្ទាន់នេះ បានរងការបាញ់ប្រហារ និងបាត់ខ្លួនកាលពីថ្ងៃទី ២៣ ខែមីនា ក្រោយអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារពេញបន្ទុករបស់ពួកគេឡើងវិញ លើក្រុមជីវពលហាម៉ាសកាលពីដើមខែនេះ ។
លោក Jonathan Whittall គឺជាប្រធានទីភ្នាក់ងារផ្តល់ជំនួយ OCHA នៅតំបន់ហ្កាហ្សា និយាយថា ទីតាំងមួយនេះ ត្រូវបានរកឃើញដោយសារពន្លឺពីរថយន្តគិលានសង្រ្គោះ រងការកម្ទេច ។
លោកនិយាយថា ពួកគេនៅទីនេះ ដើម្បីសង្រ្គោះអាយុជីវិតមនុស្ស តែផ្ទុយទៅវិញពួកគេត្រូវបានបញ្ចប់នៅក្នុងផ្នូរដ៏ធំមួយនេះ ។ រថយន្តរបស់ពួកគេ រថយន្តគិលានសង្រ្គោះរបស់ពួកគេ រថយន្ត UN រថយន្តក្រុមការពារជនស៊ីវិល ត្រូវបានកម្ទេចគ្មានសេសសល់ គ្របដណ្តប់ដោយដីខ្សាច់នៅជិតពួកយើង ។
លោក Jonathan បន្តថា វាគឺជាហេតុការណ៍ភ័យរន្ធត់ច្បាស់ក្រឡែតបានកើតឡើងនៅទីនេះ ។ ហេតុការណ៍នេះ មិនគួរកើតឡើងទាល់តែសោះ ក្រុមការងារថែទាំសុខភាព មិនគួរក្លាយជាគោលដៅនៃការវាយប្រហារនោះឡើយ ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតរកឃើញថា នៅថ្ងៃទី ២៣ ខែមីនា ទាហានអ៊ីស្រាអែល បានបើកការបាញ់ប្រហារលើរថយន្តមួយក្រុមដែលរួមមានទាំងរថយន្តគិលានសង្រ្គោះ និងរថយន្តពន្លត់អគ្គិភ័យ ។
ពួកគេនិយាយថា រថយន្តទាំងនេះ បើកមកជិតទីតាំងឈរជើងដោយគ្មានការសម្របសម្រួលជាមុន និងដោយគ្មានការសុំភ្លើង ឬសញ្ញាសង្រ្គោះបន្ទាន់ ហើយក្រុមជីវពលជាច្រើននាក់របស់ក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ិស្លាម ត្រូវបានសម្លាប់ ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំបានធ្វើសេចក្តីអត្ថាធិប្បាយត្រង់ៗចំពោះការស្លាប់របស់ក្រុមការងារអឌ្ឍចន្ទក្រហមនោះឡើយ ឬឆ្លើយតបឲ្យបានច្បាស់ពីសំនួរថាតើហេតុអ្វីបានជាសាកសពត្រូវបានរកឃើញនៅក្រោមដីខ្សាច់ ឬហេតុអ្វីបានជារថយន្តត្រូវបានកម្ទេចចោលបែបនេះ? ៕