ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានឲ្យដឹងថា នៅខែកក្កដាខាងមុននេះ សមាគម ទទួលបានការផ្តល់ទំនុកចិត្តជឿជាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកម្មវិធី Global Women Submit សន្និសិទ្ធសហគ្រិនស្ត្រីលំដាប់ពិភពលោកនៅប្រទេសអាល្លឺម៉ង់ ដើម្បីដឹកនាំសហគ្រិនស្រ្តីចំនួន៣០រូប ទៅចូលរួមនិងនាំផលិតផលខ្មែរទៅផ្គូរផ្គងអាជីវកម្ម ដើម្បីស្វែងរកឱកាសក្នុងការនាំចេញផលិតផលរបស់ខ្មែរទៅកាន់ទីផ្សារអ៊ឺរ៉ុប និងទីផ្សារក្នុងតំបន់។
ក្នុងសន្និបាតបូកសរុបការងារ និងខួបអនុស្សាវរីយ៍ឆ្នាំទី១៣ និងវេទិកាសហគ្រិនស្រ្តី “បំប្លែងសំរាមទៅជាចំណូល” កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងឲ្យដឹងថា CWEA បានបន្តដើរតួនាទីដ៏សំខាន់ក្នុងការសមាគមបានពង្រីកវិសាលភាពផែនការបង្កើតនូវគណះកម្មាធិការថ្មីបន្ថែម និងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៏សំខាន់ៗ ទាំងស្ថាបន័រដ្ឋ ឯកជន ធនាគារ និងដៃគូរអភិវឌ្ឍន៏ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់សហគ្រិនភាពស្រ្តីនៅកម្ពុជា តាមរយៈកម្មវិធីសមាជិកភាព មានដូចជា ការតម្រង់ទិសសមាជិកភាពរក្សាចាស់ និងបង្កើនចំនួនសមាជិកថ្មីជាលំដាប់។
លោកជំទាវ បានបន្តថា ចំពោះគោលបំណងនៃការរៀបចំព្រឹត្តិការណ៏ក្នុងថ្ងៃនេះ មិនត្រឹមតែដើម្បីរាយការណ៏នូវសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤តែមួយមុខទេ គឺដើម្បីចង់បង្ហាញជូនសមាជិកា និងដៃគូរសហការដៃគូរអភិវឌ្ឍន៏សហគ្រិនស្ត្រីទាំងអស់ ដែលមានបេសសកម្មរួមដើម្បីជ្រាបពីទិសដៅនិងផែនការឆ្នាំ២០២៥ និងការប្រកាសជាផ្លូវការនៃការចាប់ផ្តើមដំណើរការកម្មវិធី WE TALK វេទិកាសហគ្រិនស្រ្តី ដែលប្រធានបទពិសេសក្នុងថ្ងៃនេះគឺ “បំប្លែងសំរាមទៅជាចំណូល” ដែលជាការបន្តយុទ្ធនាការជំរុញនូវសហគ្រិនភាពស្រ្តីក្នុងសេដ្ឋកិច្ចបៃតងរួមទាំងការប្រារព្វពិធីអបអរខួបអនុស្សាវរីយ៍ឆ្នាំទី១៣នៃការកកើតសមាគមសហគ្រិនស្រ្តីកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកអង្គសន្និបាតនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ក្នុងនាមជាក្រសួងសាមី ដែលជាអាណាព្យាបាលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា បានកត់សំគាល់ បានយល់ច្បាស់ពីកម្មវិធីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងសហគ្រិនភាពស្រ្តី ជាផែនការសកម្មភាពដែលបានគិតគូរនិងយកចិត្តទុកដាក់ផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព ដើម្បីបង្កើតភាពធុន ការពង្រឹងនិងពង្រីកអាជីវកម្មអោយមានភាពរឹងមាំនិងបន្តជំរុញភាពរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយសមធម៌។
លោកជំទាវរដ្ឋមន្រ្តី បានកោតសសើរចំពោះការខិតខំប្រឹងប្រឺង ទាំងកំលាំងកាយចិត្ត និងកំលាំងប្រាជ្ញារបស់ថ្នាក់ដឹកនាំរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបង្ហាញភាពរីកចម្រើន និងផែនការយុទ្ធសាស្រ្តឆ្នំាំថ្មីជូនដល់សមាជិក រាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ឲ្យបន្តចូលរួមគាំទ្រសមាគមដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា និងសហការគ្នាឲ្យកាន់តែស្អិតរមួតដើម្បីបំបែកនូវឧបសគ្គ ដោះស្រាយនូវបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី កាន់តែរឹងមាំនិងបង្កើនភាពរីកចម្រើនដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ៕





















