មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃអង្គារ (០១ មេសា) ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានពង្រឹងសមត្ថភាពយោធអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងការបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀត ស្របពេលយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អាមេរិករយៈពេលជាង ២សប្តាហ៍នៅក្នុងប្រទេសយេម៉ែន និងភាពតានតឹងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ មិនបញ្ជាក់ពីយន្តហោះប្រភេទណាដែលត្រូវដាក់ពង្រាយ ឬទីតាំងដែលត្រូវបញ្ជូនឱ្យច្បាស់លាស់នោះទេ។ យ៉ាងណាក៏ដោយ យន្តហោះទម្លាក់គ្រាប់បែក B-2 ច្រើនដល់ទៅ ៦គ្រឿង ត្រូវផ្លាស់ប្តូរទីតាំងប្រហែលជាសប្តាហ៍មុន រួចបញ្ជូនទៅកាន់មូលដ្ឋានយោធាអាមេរិក-អង់គ្លេស នៅលើកោះ Diego Garcia មហាសមុទ្រឥណ្ឌា នេះបើយោងតាមមន្ត្រីអាមេរិកមួយរូប។

ក្រុមអ្នកជំនាញនិយាយថា យន្តហោះប្រភេទ B-2 ដែលមានបច្ចេកវិទ្យាបំបាំងកាយ និងបំពាក់សម្រាប់ផ្ទុកគ្រាប់បែក និងអាវុធនុយក្លេអ៊ែរទម្ងន់ធ្ងន់បំផុតរបស់អាមេរិកនេះ កំពុងស្ថិតនៅក្នុងទីតាំងដ៏ល្អសម្រាប់ប្រតិបត្តិការនៅមជ្ឈិមបូព៌ា។ គួរឱ្យដឹងថា មានកម្លាំងសព្វាវុធច្រើនសន្ធឹកសន្ធាប់រួចទៅហើយនៅមជ្ឈិមបូព៌ា ហើយយោធាអាមេរិក នឹងមាននាវាផ្ទុកយន្តហោះពីរគ្រឿងក្នុងពេលឆាប់ៗនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ជាមួយនឹងការវាយប្រហារ និងពន្ធបន្តបន្ទាប់ ប្រសិនបើទីក្រុងតេអេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ យន្តហោះ B-2 នោះត្រូវបានបំពាក់ដើម្បីផ្ទុកគ្រាប់បែកដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក ទម្ងន់ប្រមាណជាង ១៣តោន ឈ្មោះថា GBU-57 ហើយនោះជាអាវុធដែលអ្នកជំនាញនិយាយថា អាចប្រើដើម្បីវាយប្រហារកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
