អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (០១ មេសា) បានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថាមានស្បៀងអាហារគ្រប់គ្រាន់ហើយនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបសម្រាប់រយៈពេលយូរ ដោយហៅការលើកឡើងនេះថាជា "រឿងគួរឱ្យអស់សំណើច និងផ្ដេសផ្ដាស" ស្របពេលមានការបិទហាងនំបុ័ងទាំង ២៥កន្លែង នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ដែលគាំទ្រដោយកម្មវិធីអាហារពិភពលោក WFP។

ពុំមានជំនួយណាមួយត្រូវបញ្ជូនទៅតំបន់ប៉ាឡេស្ទីននេះទេតាំងពីថ្ងៃទី០២ ខែមីនា មក ដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យទំនិញ និងការផ្គត់ផ្គង់ទាំងអស់ចូលហ្កាហ្សាទេ រហូតដល់ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរសល់ទាំងអស់។

ទីភ្នាក់ងារយោធាអ៊ីស្រាអែល COGAT ដែលសម្របសម្រួលការផ្តល់ជំនួយ បាននិយាយកាលពីថ្ងៃអង្គារថា ក្នុងអំឡុងពេលបទឈប់បាញ់ មានរថយន្តដឹកទំនិញប្រហែល ២៥.២០០គ្រឿង ចូលហ្កាហ្សា ដឹកជំនួយជិត ៤៥០.០០០តោន ដោយសង្កត់ធ្ងន់ថា "នោះបានបង្ហាញថា មានអាហារគ្រប់គ្រាន់ក្នុងរយៈពេលយូរ ប្រសិនបើក្រុមហាម៉ាស អនុញ្ញាតឱ្យជនស៊ីវិលទទួលបានជំនួយ"។

នៅពេលត្រូវសាកសួរពីសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់ថា "តាមដែលអង្គការសហប្រជាជាតិបានដឹង នោះជារឿងគួរឱ្យអស់សំណើច និងផ្ដេសផ្ដាសណាស់ ដោយពេលនេះទីភ្នាក់ងារជិតអស់ការផ្គត់ផ្គង់ហើយ"។ ពេញមួយសង្រ្គាម អង្គការសហប្រជាជាតិបានពណ៌នាប្រតិបត្តិការមនុស្សធម៌របស់ខ្លួននៅហ្កាហ្សា ថាបែប "ឆ្លៀតឱកាស" ដោយសារតែមានបញ្ហាប្រឈមជាច្រើនទាំងការចូលទៅក្នុង និងចល័តទូទាំងតំបន់ហ្កាហ្សា ព្រមទាំងការលួចប្លន់ជំនួយដោយក្រុមជនអន្ធពាលប្រដាប់អាវុធ៕