ទីភ្នាក់ងារស្ទង់មតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (០១ មេសា) ថា ពលរដ្ឋអ៊ុយក្រែនជាង ៥០% បានរិះគន់លើកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយភ័យខ្លាចថា វិធានការទាំងនោះទំនងជានាំឱ្យមានភាពអយុត្តិធម៌មួយចំនួន ឬអយុត្តិធម៌ទាំងស្រុង ចំពោះសង្គ្រាមរបស់រុស្ស៊ី លើប្រទេសរបស់ពួកគេ។

លោក Trump បានសន្យាថានឹងបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំនេះយ៉ាងរហ័ស ប៉ុន្តែពេលខ្លះលោកនិយាយងាកទៅខាងវិមានក្រឹមឡាំងទាក់ទងនឹងជម្លោះ ហើយពេលខ្លះលោកក៏បានស្តីបន្ទោសទីក្រុងគីវ សម្រាប់ការចាប់ផ្តើមសង្រ្គាម ដោយលោកក៏ធ្លាប់បានផ្អាកជាបណ្តោះអាសន្ននូវជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនផងដែរ។

វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិគីវ (KIIS) បាននិយាយថា ខ្លួនបានស្ទង់មតិលើមនុស្ស ១.៣២៦នាក់ នៅលើទឹកដីកាន់កាប់ដោយអ៊ុយក្រែន ចាប់ពីថ្ងៃទី ១២-២២ ខែមីនា ហើយបានរកឃើញថា តួលេខ ៣២% នៃអ្នកឆ្លើយតប រំពឹងថា "ជាសន្តិភាពដ៏អយុត្តិធម៌ ប៉ុន្តែក៏អាចបំពេញនូវការទាមទារមួយចំនួនរបស់អ៊ុយក្រែន" ខណៈតួលេខ ២២% រំពឹងថានឹងមាន "សន្តិភាពដ៏អយុត្តិធម៌ទាំងស្រុង"។

ការស្ទង់មតិបន្តថា មានតែពលរដ្ឋអ៊ុយក្រែន ៣% ប៉ុណ្ណោះដែលជឿថាលោក Trump អាចនាំមកនូវសន្តិភាពយុត្តិធម៌ពិតប្រាកដ ដោយតួលេខ ១៥% រំពឹងថានឹងមាន "សន្តិភាពយុត្តិធម៌ ប៉ុន្តែត្រូវធ្វើសម្បទានខ្លះដល់រុស្ស៊ី"។ ទិន្នន័យនេះបង្ហាញថា ប្រជាជនអ៊ុយក្រែនមិនសូវមានសុទិដ្ឋិនិយមទេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump លើការស្វះស្វែងរកសន្តិភាពអ៊ុយក្រែន៕