យោធាមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការរិះគន់ជាច្រើន ជុំវិញការបន្តការវាយប្រហារតាមអាកាស និងការអះអាងថា របបសឹកកំពុងរារាំងជំនួយដល់អ្នករួចជីវិតពីគ្រោះរញ្ជួយដី ខណៈទីភ្នាក់ងារអន្តរជាតិបានជំរុញឱ្យមាន "ការចូលប្រើប្រាស់ដោយមិនមានការរំខាន" ដល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសដែលមានជម្លោះមួយនេះ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងក្រុមគ្រូពេទ្យដែលកំពុងជួយក្នុងគ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលសម្លាប់មនុស្សជិត ៣.០០០នាក់ និងធ្វើឱ្យតំបន់រងផលប៉ះពាល់ជួបកង្វះខាតតម្រូវការចាំបាច់ជាច្រើននេះ បាននិយាយថា ជំនួយកំពុងបាត់ ឬត្រូវបានរារាំងក្នុងតំបន់មួយចំនួន ដោយគ្រូពីរនាក់ដែលជួយសម្របសម្រួលការឆ្លើយតបបន្ទាន់នៅចំណុចកណ្តាលរញ្ជួយដីនៃទីក្រុង Mandalay និង Sagaing បានចោទរបបសឹកថាបានរារាំងជំនួយសង្គ្រោះបន្ទាន់។

សមាជិកក្រុមជួយសង្គ្រោះនៅខេត្ត Sagaing បាននិយាយថា ពួកគេប្រឈមនឹងការរឹតត្បិត និងការបិទផ្លូវ ដែលបង្អាក់ប្រតិបត្តិការជំនួយ។ ពួកគេបន្ថែមថា យោធាត្រួតពិនិត្យយ៉ាងតឹងរឹងលើក្រុមជួយសង្គ្រោះ ព្រោះសង្ស័យថាអាចមានលាក់អាវុធនាំចូលទៅក្នុងតំបន់ ក្រោមរូបភាពនៃការផ្គត់ផ្គង់។

របបសឹកក៏ប្រឈមមុខនឹងការរិះគន់ ចំពោះការវាយប្រហារតាមអាកាសលើភូមិនានាផងដែរ ដោយក្រុមឧទ្ទាម Karen បាននិយាយថា របបសឹក "បន្តធ្វើការវាយប្រហារតាមអាកាសសំដៅលើតំបន់ជនស៊ីវិល ទោះបីជាប្រជាជនកំពុងរងគ្រោះយ៉ាងខ្លាំងពីការរញ្ជួយដីក៏ដោយ"។ អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបភ្លាមៗចំពោះការអះអាង និងការចោទប្រកាន់ទាំងនេះទេ៕