ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ១ ខែមេសា ថា លោករំពឹងថានឹងជួបលោកប្រធានាធិបតីចិន Xi Jinping នៅទីក្រុងមូស្គូ ក្នុងខែឧសភា ក្នុងព្រឹត្តិការណ៍គម្រប់ខួបសង្គ្រាមលោកលើកទី២។

លោក Putin បានកត់សម្គាល់បែបនេះក្នុងការអត្ថាធិប្បាយរបស់លោកនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅវិមានក្រឹមឡាំង។
លោក Wang ស្ថិតនៅទីក្រុងមូស្គូក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃសម្រាប់កិច្ចពិភាក្សាសហប្រតិបត្តិការយុទ្ធសាស្ត្រ។

ប្រធានាធិបតីចិនលោក Xi Jinping បានជួបលោក Putin ជាង ៤០ ដងក្នុងមួយទសវត្សរ៍កន្លងមកនេះ ហើយមេដឹកនាំទាំងពីរចាប់តាំងពីពេលនោះមកបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជា បញ្ហាកោះតៃវ៉ាន់ អ៊ុយក្រែន និងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក។

នៅថ្ងៃអង្គារនោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសទាំងពីរ។
នៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយថា ប្រទេសចិន និងរុស្ស៊ីគឺជា "មិត្តជារៀងរហូត និងគ្មានថ្ងៃក្លាយជាសត្រូវឡើយ" ។ លោក Wang ក៏បានស្វាគមន៍ចំពោះសញ្ញានៃការធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ផងដែរ៕