មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបមួយរូប បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅមុនការប្រកាសដែលរំពឹងទុកជាយូរមកហើយនៃការដំឡើងពន្ធនាំចូលដ៏ធំដោយប្រធានាធិបតីអាមេរិកថា អឺរ៉ុបមានផែនការដ៏រឹងមាំសម្រាប់ការវាយបកទៅលើសហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោក Donald Trump ប្រសិនបើចាំបាច់។

អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ លោក Trump បានផ្សព្វផ្សាយថ្ងៃទី ២ ខែមេសា ជា "ទិវារំដោះ" នៅអាមេរិក នៅពេលការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ នឹងត្រូវបង្ហាញ ដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចរបស់រដ្ឋបាលលោក។ សហរដ្ឋអាមេរិកបានប្រកាសរួចហើយអំពីការដំឡើងពន្ធយ៉ាងខ្ពស់លើការនាំចូលដែកថែប អាលុយមីញ៉ូម និងរថយន្តចេញពីប្រទេសទាំងអស់។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសុន្ទរកថាមួយថា អឺរ៉ុបពុំបានចាប់ផ្តើមការប្រឈមដាក់គ្នានេះទេ ។យើងមិនចាំបាច់ចង់សងសឹកទេ ប៉ុន្តែប្រសិនបើចាំបាច់ យើងមានផែនការរឹងមាំដើម្បីសងសឹក យើងនឹងប្រើ ហើយថា អឺរ៉ុបបើកចំហចំពោះការចរចា។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Trump នឹងបង្ហាញពីផែនការពន្ធរបស់លោកក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ ហើយដូចដែលលោក Trump បាននិយាយម្តងហើយម្តងទៀតថា លោកប្រធានាធិបតី អាចបង្ហាញពីការដំឡើងពន្ធទៅវិញទៅមក ឬពន្ធបដិការឲ្យស្មើនឹងពន្ធរបស់ប្រទេសផ្សេងទៀតយកពីអាមេរិក ជាប្រាក់ដុល្លារ។

លោកស្រី Leyen បានបន្តទៀតថា "យើងនឹងខិតទៅរកការចរចាទាំងនេះពីទីតាំងដ៏រឹងមាំមួយ។ អឺរ៉ុបមានសន្លឹកបៀរជាច្រើន ចាប់ពីពាណិជ្ជកម្មដល់បច្ចេកវិទ្យា និងរហូតដល់ទំហំនៃទីផ្សាររបស់យើង។ ប៉ុន្តែកម្លាំងនេះក៏ត្រូវបានបង្កើតឡើងនៅលើការត្រៀមខ្លួនរបស់យើងក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដែរ ប្រសិនបើចាំបាច់។ ឧបករណ៍ទាំងអស់គឺនៅលើតុ៕