មន្ត្រីសេតវិមានបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងពិចារណានៅថ្ងៃពុធ ទី២ ខែមេសានេះ នូវសំណើចុងក្រោយទាក់ទងនឹងក្រុមហ៊ុន TikTok នៅមុនថ្ងៃផុតកំណត់នៅថ្ងៃទី៥ ខែមេសា សម្រាប់កម្មវិធីដើម្បីស្វែងរកអ្នកទិញពុំមែនជាជនជាតិចិន បើមិនដូច្នេះត្រូវប្រឈមការហាមឃាត់របស់សហរដ្ឋអាមេរិក។

មន្ត្រីនិយាយថា នឹងមានកិច្ចប្រជុំមួយនៅឯការិយាល័យ Oval Office ចូលរួមដោយអនុប្រធានាធិបតី លោក JD Vance រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick ទីប្រឹក្សាសន្តិសុខជាតិលោកMike Waltz និងនាយកទីភ្នាក់ងារចារកម្មជាតិ លោក Tulsi Gabbard ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនភាគហ៊ុនឯកជន Blackstone កំពុងពិភាក្សារួមគ្នាជាមួយម្ចាស់ភាគហ៊ុនពុំមែនជាជនជាតិចិនដែលមានស្រាប់របស់ក្រុមហ៊ុនមេ ByteDance ដឹកនាំដោយក្រុមហ៊ុន Susquehanna International Group និងក្រុមហ៊ុន General Atlantic ក្នុងការរួមចំណែកដើមទុនថ្មីដើម្បីដេញថ្លៃសម្រាប់អាជីវកម្មក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេ ByteDance ដើម្បីលក់កម្មវិធីវីដេអូខ្លីដែលត្រូវបានប្រើប្រាស់ដោយពលរដ្ឋអាមេរិកចំនួន១៧០លាននាក់ នឹងត្រូវបានចុះហត្ថលេខានៅមុនថ្ងៃផុតកំណត់នៅថ្ងៃទី៥ ខែមេសា។
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថាក្រុមហ៊ុនបណ្តាក់ទុនរបស់សហរដ្ឋអាមេរិក Andreessen Horowitz កំពុងពិភាក្សាដើម្បីវិនិយោគលើក្រុមហ៊ុន TikTok ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយ លោក Trump ដើម្បីទទួលបានការគ្រប់គ្រងលើកម្មវិធី នេះ។