ប្រភពពីក្រុមមន្រ្តីអាមេរិក បាននិយាយថា បណ្ដាមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោកប្រធានាធីបតី Donald Trump បានពិភាក្សាគ្នាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះពីលទ្ធភាពដែលថា សហរដ្ឋអាមេរិកនឹងមិនអាចរកបានកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនឆាប់ៗក្នុងប៉ុន្មានខែខាងមុខនេះទេ ហើយកំពុងរៀបចំផែនការថ្មីដើម្បីដាក់សម្ពាធទាំងលើទីក្រុងគីវ និងទីក្រុងមូស្គូ។

នៅពេលចាប់ផ្តើមតំណែងសេតវិមាន លោក Trump និងទីប្រឹក្សាជាន់ខ្ពស់របស់លោក បានកំណត់ពេលវេលាដើម្បីឈានដល់បទឈប់បាញ់ពេញលេញនៅខែមេសា ឬឧសភា ខាងមុខនេះ ហើយសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីនោះ។

ប៉ុន្តែក្រុមមន្ត្រី សម្លឹងឃើញផ្លូវវែងឆ្ថាយទៅកាន់សន្តិភាពអ៊ុយក្រែន ដោយលើកឡើងថា ពុំមានកិច្ចព្រមព្រៀងណាមួយលេចចេញជារូបរាងទេ ដែលនេះបង្កើនលទ្ធភាពថា សង្រ្គាម ៣ឆ្នាំនោះនឹងបន្តអូសបន្លាយ ហើយអ៊ុយក្រែន នឹងត្រូវការការគាំទ្រពីលោកខាងលិចបន្ថែមទៀតសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន ស្របពេលភាពមិនសប្បាយចិត្តកើនឡើនអំពីលក្ខខណ្ឌទាមទារលើកិច្ចព្រមព្រៀង។
លទ្ធផលបែបនេះនឹងជាការវាយប្រហារខ្លាំងលើលោក Trump ព្រោះលោកបានសន្យាម្តងហើយម្តងទៀតថានឹងបញ្ចប់ជម្លោះដែលបានឆក់យកជីវិតមនុស្សរាប់សែននាក់នេះឱ្យលឿនបំផុត ហើយលុបបំបាត់ហានិភ័យដែលអូសទាញសម្ព័ន្ធយោធាណាតូ ឱ្យចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរ៕