យោងតាមប្រភពជាច្រើនដែលដឹងអំពីស្ថានភាព បាននិយាយថា រដ្ឋបាលរបស់លោក Trump បានចាប់ផ្តើមការកាត់រំសាយបុគ្គលិកចំនួន១០.០០០នាក់ នៅទីភ្នាក់ងារសុខាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១ មេសា ដោយកងសន្តិសុខបានរារាំង មិនឱ្យបុគ្គលិកមួយចំនួនចូលធ្វើការ រយៈពេលត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានទទួលបានការជូនដំណឹងពីការបញ្ឈប់បុគ្គលិក។

ការកាត់បុគ្គលិក បានធ្វើឲ្យប៉ះពាល់ដល់ទីភ្នាក់ងារធំៗជាច្រើននៅក្រោមក្រសួងសុខាភិបាល និងប្រជាសេវា រួមមានរដ្ឋបាលចំណីអាហារនិងឱសថ(FDA) មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) និងវិទ្យាស្ថានជាតិសុខាភិបាល គឺជាផ្នែកនៃផែនការដ៏ទូលំទូលាយរបស់ប្រធានាធិបតី លោក Donald Trump និងសម្ព័ន្ធមិត្តមហាសេដ្ឋី លោក Elon Musk ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។

ការកាត់រំសាយនេះ បានរួមបញ្ចូលទាំងការបណ្ដេញអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ទទួលបន្ទុកសុខភាពសាធារណៈ ការស្រាវជ្រាវជំងឺមហារីក និងការអនុម័តវ៉ាក់សាំងនិងឱសថ ដែលបង្កើនការព្រួយបារម្ភអំពីរបៀបដែលសហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងស្ថានភាពគ្រាអាសន្នផ្នែកសុខភាព ដូចជាការផ្ទុះឡើងជំងឺកញ្ជ្រឹលដែលនៅបន្ត និងការរាលដាលជំងឺផ្តាសាយបក្សី។