សេតវិមាន បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃអង្គារ (០១ មេសា) ថា លោកប្រធានាធិបតី Donald Trump នឹងបន្តទៅមុខជុំវិញការដំឡើងពន្ធថ្មីនៅថ្ងៃពុធ ០២ មេសា នេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតពីទំហំ និងវិសាលភាពនៃរបាំងពាណិជ្ជកម្មទេ ដែលធ្វើឱ្យអាជីវកម្ម អ្នកប្រើប្រាស់ និងវិនិយោគិន ព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលកាន់តែខ្លាំងក្លាឡើង។

អស់ជាច្រើនសប្តាហ៍មកហើយ លោក Trump បានហៅថ្ងៃទី០២ ខែមេសា ថាជា "ទិវារំដោះ" ដែលនឹងឃើញពន្ធថ្មីដ៏ធំ ដែលអាចកែប្រែប្រព័ន្ធពាណិជ្ជកម្មពិភពលោក ជាមួយនឹងការប្រកាសពន្ធថ្មីៗរបស់សេតវិមាន ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក)។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ពន្ធបដិការចំពោះប្រទេសដែលដាក់ពន្ធលើទំនិញអាមេរិក នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក Trump នាថ្ងៃទី០២ មេសា ខណៈពន្ធ ២៥% លើការនាំចូលរថយន្ត នឹងចូលជាធរមាននៅថ្ងៃបន្ទាប់ ទី០៣ ខែមេសា។
ការប្ដេជ្ញាចិត្តរបស់លោក Trump ក្នុងការឆ្ពោះទៅមុខលើពន្ធនេះ កើតឡើងស្របពេលកំណើនភាពមិនប្រាកដប្រជា ដោយសារពន្ធគយកំពុងបំផ្លាញទំនុកចិត្តរបស់វិនិយោគិន អ្នកប្រើប្រាស់ និងអាជីវកម្ម តាមមធ្យោបាយមួយដែលអាចបន្ថយសកម្មភាពជំនួញ និងជំរុញឱ្យតម្លៃកើនឡើង៕