លោក កាហ្ស៊ូ អ៊ូអេដា (Kazuo Ueda) ទេសាភិបាលធនាគារកណ្តាលជប៉ុន បាននិយាយនាថ្ងៃពុធ (០២ មេសា) នេះថា គម្រោងឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មពិភពលោក ដោយព្រមានពីផលប៉ះពាល់ដែលអាចកើតមានចំពោះកំណើនសេដ្ឋកិច្ចសកល មុនពេលលោកប្រធានាធិបតី Donald Trump គ្រោងនឹងបញ្ចេញពន្ធបដិការ។

ជំហានដែលរំពឹងទុកនោះ នឹងកើតឡើងបន្ថែមពីលើពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលអាលុយមីញ៉ូម និងដែកថែបរួចទៅហើយ ព្រមទាំងពន្ធកាន់តែខ្ពស់លើទំនិញទាំងអស់ពីប្រទេសចិន។ លោក Trump ធ្លាប់គំរាមម្តងហើយម្តងទៀតថានឹងដាក់ពន្ធផ្សេងបន្ថែមទៀត ប៉ុន្តែបានលុបចោលវិញ ឬពន្យារពេល។

លោកទេសាភិបាល Ueda និយាយថា លោកចង់ចែករំលែកទស្សនៈដែលថាពន្ធខ្ពស់របស់អាមេរិក អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក នៅក្នុងកិច្ចប្រជុំនៃមេដឹកនាំហិរញ្ញវត្ថុរបស់ក្រុម G7 ក្នុងខែនេះ នៅទីក្រុងវ៉ាស៊ីនតោន។ លោកបន្តថា "សំណួរធំមួយទៀតគឺថាតើពន្ធទាំងនោះអាចប៉ះពាល់ដល់ទំនុកចិត្ត និងការចំណាយរបស់ក្រុមគ្រួសារ និងក្រុមហ៊ុនយ៉ាងដូចម្តេច"។

ការស្ទាបស្ទង់មតិជាសកលបានបង្ហាញថា សកម្មភាពពាណិជ្ជកម្មធ្លាក់ចុះក្នុងខែមីនា នៅក្នុងរោងចក្រជុំវិញពិភពលោក ចាប់ពីជប៉ុន ដល់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈអាជីវកម្មបានត្រៀមខ្លួនទប់ទល់ពន្ធថ្មីរបស់អាមេរិក។ សេតវិមាននិយាយថា ពន្ធបដិការសកលនឹងចូលជាធរមានភ្លាមៗនៅថ្ងៃទី០២ មេសា ដោយពន្ធ ២៥% លើការនាំចូលរថយន្តនឹងចូលនៅថ្ងៃបន្ទាប់ទី០៣ ខែមេសា៕