មេដឹកនាំបណ្តោះអាសន្នរបស់កូរ៉េខាងត្បូង បានអំពាវនាវនៅថ្ងៃពុធ (០២ មេសា) នេះ ឱ្យប្រជាជាតិទទួលយកដោយស្ងប់ស្ងាត់នូវសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើសំណុំរឿងការចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk Yeol ខណៈនគរបាលបានបង្កើនសន្តិសុខជុំវិញតុលាការ មុនសាលក្រមនៅថ្ងៃទី០៤ ខែមេសា ខាងមុខនេះ។

នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពមុនសេក្ដីសម្រេចនេះ ប្រធានាធិបតីស្តីទី លោក Han Duck-soo បាននិយាយថា លោក "ស្នើសុំយ៉ាងមុតមាំ" លើអ្នកនយោបាយ កុំឱ្យបញ្ចេញមតិណាមួយដែលអាចញុះញង់ឱ្យមានអំពើហិង្សា។ លោកបន្តថា "រដ្ឋាភិបាលនឹងមិនអត់ឱនចំពោះទង្វើខុសច្បាប់ ឬហិង្សាណាមួយឡើយ ហើយទោះបីជាការសម្រេចចិត្តបែបណាក៏ដោយ ក៏ប្រជាជាតិត្រូវទទួលយកលទ្ធផលនោះដោយស្ងប់ស្ងាត់ផ្អែកលើនីតិរដ្ឋ"។

តុលាការធម្មនុញ្ញ ដែលកំពុងពិនិត្យមើលការចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹកដ៏ផ្ញាក់ផ្អើល បាននិយាយថា ខ្លួននឹងប្រកាសសាលក្រមទៅលើថា តើត្រូវដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬផ្ដល់ឱសារណកម្ម (ប្រគល់តំណែងឱ្យវិញ) នៅថ្ងៃសុក្រ ទី០៤ ខែមេសា។

លោក Yoon ត្រូវបានសភាចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីត្រូវចោទថារំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយប្រកាសច្បាប់អាជ្ញាសឹកនៅដើមខែធ្នូ ដោយពុំមានហេតុផលសមស្រប។ ប្រសិនបើតុលាការសម្រេចបណ្តេញលោកចេញពីតំណែងមែននោះ ការបោះឆ្នោតប្រធានាធិបតីថ្មីត្រូវធ្វើឡើងក្នុងពេល ៦០ថ្ងៃ៕