កាសែតប្រចាំថ្ងៃ Haaretz ដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានស្នើសុំក្រុមហាម៉ាសប៉ាឡេស្ទីន តាមរយៈក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ឱ្យដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន១១នាក់និងប្រគល់សាកសព១៦នាក់ បន្ថែមពីលើការផ្តល់ព័ត៌មានអំពីអ្នកជាប់ឃុំនៅហ្កាហ្សា ជាថ្នូរនឹងការផ្អាកអរិភាពរយៈពេល៤០ ថ្ងៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ៊ីស្រាអែលបានដាក់សំណើថ្មីកាលពីថ្ងៃចន្ទសម្រាប់បទឈប់បាញ់នៅហ្កាហ្សា។ កាសែតនេះបាននិយាយថា បន្ថែមពីលើបទឈប់បាញ់ អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនដែលមិនបានបញ្ជាក់ចំនួនពីពន្ធនាគាររបស់ខ្លួន។

មន្ត្រីរូបនេះបាននិយាយថា នៅថ្ងៃទីប្រាំនៃកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងស្នើសុំព័ត៌មានពីក្រុមហាម៉ាស ទាក់ទងនឹងអ្នកជាប់ឃុំដែលនៅសល់ក្នុងមន្ទីរឃុំឃាំងរបស់ក្រុមនោះ។

នៅក្រោមសំណើរបស់អ៊ីស្រាអែល ទីក្រុង Tel Aviv នឹងស្នើឱ្យក្រុមហាម៉ាស ដោះលែងសាកសពចំណាប់ខ្មាំងអ៊ីស្រាអែល ១៦នាក់នៅថ្ងៃទី ១០ នៃកិច្ចព្រមព្រៀង ប្រហែលពាក់កណ្តាលនៃចំនួនសរុបចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវគេជឿថាត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនៅហ្កាហ្សា។
គ្មានការអត្ថាធិប្បាយណាមួយត្រូវបានចេញដោយអ៊ីស្រាអែល និងក្រុមហាម៉ាស ឬក្រុមអ្នកសម្របសម្រួលលើរបាយការណ៍នេះទេ។
តាមការប៉ាន់ប្រមាណរបស់អ៊ីស្រាអែលបង្ហាញថា ចំណាប់ខ្មាំង៥៩នាក់នៅតែជាប់ឃុំក្នុងតំបន់ហ្កាហ្សាក្នុងនោះមាន២៤នាក់នៅរស់។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងឃុំឃាំងអ្នកទោសប៉ាឡេស្ទីនជាង ៩.៥០០នាក់ ក្រោមស្ថានភាពដែលអង្គការសិទ្ធិមនុស្សពិពណ៌នាថា ឃោរឃៅ ដោយលើកឡើងពីរបាយការណ៍នៃការធ្វើទារុណកម្ម ការធ្វើបាបរាងកាយ និងមិនយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្ត ដែលបណ្តាលឱ្យអ្នកទោសត្រូវស្លាប់៕