ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការបិទផ្លូវជំនួយ បានបង្ខំឱ្យបិទហាងដុតនំចំនួន២៥កន្លែងនៅតំបន់ហ្កាហ្សា ខណៈការផ្គត់ផ្គង់អាហារធ្លាក់ចុះ បទបញ្ជាជម្លៀសប្រជាជនរបស់អ៊ីស្រាអែលកើនឡើង ហើយការទម្លាក់គ្រាប់បែកនៅតែបន្ត។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការផ្អាកការដឹកជញ្ជូនជំនួយចូលទៅក្នុងហ្កាហ្សានៅតែបន្ត ដោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនដែលត្រូវការជំនួយ។

ហាងដុតនំចំនួន២៥កន្លែង ដែលគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងអំឡុងពេលបទឈប់បាញ់ ត្រូវបានបិទទាំងអស់ដោយសារតែកង្វះម្សៅ និងពុំមានឧស្ម័នសម្រាប់ចម្អិន។
អង្គការ WFP បាននិយាយថា ខ្លួននៅតែបន្តចែកចាយស្បៀងអាហារដោយមានស្តុកនៅសេសសល់ ប៉ុន្តែស្ថានភាពនៅតែពិបាកខ្លាំង ចាប់តាំងពីការបិទទំនិញឆ្លងកាត់ជិតមួយខែមកនេះ។
អង្គការ OCHA បានព្រមានថា បទបញ្ជាជម្លៀសប្រជាជនរបស់អ៊ីស្រាអែល បន្តបង្ខំជនស៊ីវិលឱ្យភៀសខ្លួនឆ្លងកាត់តំបន់ហ្កាហ្សាស្ទ្រីប និងកំណត់កន្លែងជ្រកកោនសម្រាប់គ្រួសារជាច្រើន។