នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney កាលពីថ្ងៃអង្គារ បានពិភាក្សាជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum អំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។

យោងតាមការចេញផ្សាយព័ត៌មាន ដែលចេញដោយខុទ្ធការល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារការប្រកួតប្រជែងនៅអាមេរិកខាងជើង ខណៈគោរពដែនអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។

លោក Carney បានគូសបញ្ជាក់ពីផែនការរបស់លោកក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពពាណិជ្ជកម្មមិនសមហេតុផលប្រឆាំងប្រទេសកាណាដា ការពារកម្មករនិងអាជីវកម្មរបស់កាណាដា និងកសាងសេដ្ឋកិច្ចរបស់ប្រទេសកាណាដា រួមទាំងតាមរយៈការបង្កើនពាណិជ្ជកម្មរវាងកាណាដា និងម៉ិកស៊ិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថានឹងបង្ហាញវិសាលភាពពេញលេញនៃគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់លោកនៅថ្ងៃពុធនេះ ដែលលោកហៅថា «ថ្ងៃរំដោះ»។
កាលពីពេលមុន លោក Carney បានប្រាប់ លោក Trump ថា រដ្ឋាភិបាលកាណាដា នឹងអនុវត្តការដំឡើងពន្ធសងសឹក ដើម្បីការពារកម្មករកាណាដានិងសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីការប្រកាសអំពីសកម្មភាពពាណិជ្ជកម្មបន្ថែមរបស់សហរដ្ឋអាមេរិក។