កាសែត New York Times បានរាយការណ៍ថា តារាសម្ដែងជនជាតិអាមេរិក លោក Val Kilmer កើតនៅរដ្ឋ California និងត្រូវបានបណ្តុះបណ្តាលនៅសាលាតន្រ្តី Juilliard ដែលបានដើរតួក្នុងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន រឿង "Top Gun" រឿង "The Doors" រឿង "Tombstone" និងជាពិសេសរឿង "Batman Forever" ដ៏ល្បីល្បាញ ហើយទទួលបានកេរ្តិ៍ឈ្មោះជាតួអង្គចិត្តអាក្រក់ក្នុងហូលីវូដ បានទទួលមរណភាព នៅវ័យ ៦៥ឆ្នាំ។

កាសែតនេះនិយាយថា មូលហេតុនៃការស្លាប់គឺជំងឺរលាកផ្លូវដង្ហើម ដោយសម្អាងដល់សម្ដីកូនស្រីរបស់លោកគឺនាង Mercedes Kilmer។ លោក Kilmer គឺជាតួអង្គបុរសដ៏លេចធ្លោបំផុតរបស់ហូលីវូដក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលមានជម្លោះជាច្រើនជាមួយអ្នកដឹកនាំរឿង និងអ្នករួមការងារ ហើយរឿងអាស្រូវជាច្រើនបានធ្វើឱ្យខូចដល់អាជីពសិល្បៈរបស់លោក។ ប៉ុន្មានឆ្នាំមកនេះ លោក Kilmer ត្រូវគេស្គាល់ថាជាមនុស្សឆេវឆាវ តឹងតែង ចូលចិត្តតែភាពល្អឥតខ្ចោះ និងពេលខ្លះអត្មានិយម។

លោក Kilmer ធ្លាប់ប្រាប់កាសែតមួយក្នុងឆ្នាំ២០០៣ថា "ពេលគេរិះគន់លោកថាទាមទារខ្ពស់ លោកគិតថានោះគ្រាន់តែជាលេសដើម្បីបិទបាំងរឿងដែលគេធ្វើមិនបានល្អប៉ុណ្ណោះ។ លោកគិតថា លោកជាមនុស្សពិបាកយកចិត្តបន្តិច តែមិនមែនទាមទារខ្ពស់នោះទេ"។
លោក Kilmer បានសម្ដែងជាតួអង្គ Caped Crusader ក្នុងខ្សែភាពយន្ត "Batman Forever" ដែលជាវគ្គទីបីនៅក្នុងស៊េរី Batman។ រឿង "Batman Forever" ធ្លាប់ទទួលបានទាំងការរិះគន់ និងសរសើរ ហើយពេលនោះ លោក Kilmer ទទួលបានភាពល្បីល្បាញខ្លាំងដោយសារតែរឿងនេះ ក្រោយមក លោក Kilmer ក៏បានដកខ្លួនចេញពីខ្សែភាពយន្ត Batman ភាគបន្ទាប់៕