ប្រភពសន្តិសុខលីបង់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៤នាក់ រួមទាំងមន្ត្រីក្រុមហេសបូឡាម្នាក់ នៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ (០១ មេសា) ដែលជាការសាកល្បងបន្ថែមទៀតនូវបទឈប់បាញ់ដ៏រង្គោះរង្គើរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។

យោធាអ៊ីស្រាអែល និយាយថា មន្រ្តីហេសបូឡាត្រូវសម្លាប់នោះឈ្មោះថា Hassan Bdeir ដែលជាសមាជិកនៃអង្គភាពហេសបូឡា និងកងកម្លាំងគុត របស់អ៊ីរ៉ង់ ហើយក៏ធ្លាប់បានជួយក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងការរៀបចំផែនការ "ការវាយប្រហារភេរវកម្មដ៏សំខាន់ និងជិតមកដល់ ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល"។

ក្រុមហេសបូឡាបញ្ជាក់ថា លោក Bdeir ត្រូវបានគេសម្លាប់រួមជាមួយនឹងកូនប្រុសរបស់លោក ដែលក៏ជាសមាជិកនៃក្រុមនេះដែរ។ ប្រភពសន្តិសុខលីបង់ និយាយថា លោក Bdeir គឺជាមេបញ្ជាការថ្នាក់កណ្តាល ដែលក៏ទទួលខុសត្រូវឯកសារប៉ាឡេស្ទីន។
ការវាយប្រហារផ្លូវអាកាសនេះគឺជាសកម្មភាពយោធាលើកទីពីររបស់អ៊ីស្រាអែល នៅតំបន់ជាយក្រុងបេរូត គ្រប់គ្រងដោយក្រុមហេសបូឡា ក្នុងពេលប្រាំថ្ងៃ ដោយបន្ថែមភាពតានតឹងកាន់តែខ្លាំងលើបទឈប់បាញ់សម្របសម្រួលដោយអាមេរិក ដែលបានបញ្ចប់ជម្លោះដ៏មហន្តរាយកាលពីឆ្នាំមុន៕